ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជលផលខេត្តក្រចេះចុះបង្រ្កាបទល្មើសនេសាទខុសច្បាប់នៅសង្កាត់រកាកណ្ដាល និងរឹបអូសបានវត្ថុតាងមួយចំនួនធំ

ចែករំលែក៖

ខេត្តក្រចេះ៖ មន្ត្រីខណ្ឌរដ្ឋបាលជលផលក្រចេះ និងផ្នែករដ្ឋបាលជលផលកាំពី សហការជាមួយគណៈបញ្ជាការឯកភាពក្រុងក្រចេះ សហគមន៍នេសាទរកាកណ្តាលដឹកនាំដោយលោក សេង ភីណា អភិបាលរងក្រុងក្រចេះ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះ បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅបឹងរំលេច ស្ថិតនៅភូមិរកាកណ្ដាល សង្កាត់រកាកណ្ដាល ក្រុងក្រចេះ។

លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបនេះមានការចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ មន្រ្តីមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ នគរបាលប៉ុស្តិ៍រកាកណ្តាល ក្រុមប្រឹក្សាសង្កាត់រកាកណ្តាល ជាលទ្ធផលបានដកហូតវត្ថុតាងនៃបទល្មើសនេសាទ ខុសច្បាប់ជាច្រើនរួមមាន លូស្បៃមុង ចំនួន៤២មាត់, របាំងស្បៃមុង ចំនួន៤២ខ្សែ ប្រវែង២.៥២០ម៉ែត្រ, បង្គោលឫស្សីឃ្លៃចំនួន៤៥០ដើម, លបប្រើស១០០ចំនួន៣៥ខ្សែប្រវែង១,០៥០ម៉ែត្រ, ចាក់លែងត្រីចូលបឹងវិញចំនួន១២គីឡូក្រាម, អាំងវែទ័រឆក់ត្រី១គ្រឿង, អាគុយកម្លាំង៤០អំពែរ ១គ្រឿង និងដងឆក់ត្រី១គូ ។

លោកបន្តទៀតថា វត្ថុតាងត្រូវរឹបអូសនេះនឹងយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ ដើម្បីទុកជូនដល់សហគមន៍ឬក៏ក្រុមប្រឹក្សាឃុំដែលមានបំណងចង់យកទៅបម្រើក្នុង ប្រយោជន៍វិស័យកសិកម្ម ហើយខណ្ឌរដ្ឋបាលជលផលនិឹងផ្ដល់ជូនតាមការស្នើសុំទៅតាមវត្ថុតាងដែលនៅសេសសល់ក្នុងឃ្លាំង។

លោក ម៉ុក ពន្លក បានអំពាវនាវ និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមគ្នា ជាពិសេសប្រជានេសាទសូមយោគយល់ និងសុំឱ្យមានការចូលរួមដើម្បីថែរក្សាការពារនូវធនធានជលផល ទាំងអស់គ្នា ជាពិសេសមិនត្រូវយកឧបករណ៍នេសាទខុសច្បាប់ ដែលច្បាប់ស្ដីពីជលផលហាមឃាត់ ដូចជាឧបករណ៍ឆក់ត្រី និងឧបករណ៍នេសាទស្បៃមុងដែលជាឧបករណ៍នេសាទខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ហើយកុំយកមកធ្វើការនេសាទក្នុងដែនដីនេសាទ ទាំងបឹង,ទន្លេ,ព្រែក, ស្ទឹង និងអូរ ព្រោះថាឧបករណ៍ទាំងនេះបានបំផ្លិចបំផ្លាញទាំងត្រីមេពូជ និងកូនត្រីតូចៗ សូម្បីតែកូនកំពិសក៏មិនសេសសល់ដែរ។

លោកបញ្ជក់ទៀតថា លោកនឹងដឹកនាំមន្រ្តីរបស់លោក សហការជាមួយអាជ្ញាធរដែនដីគ្រប់លំលំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីចុះធ្វើការទប់ស្កាត់បង្រ្កាបបទល្មើសជលផលក្នុងរដូវបិទនេសាទនេះឲ្យដូចភ្លៀងរលឹម ដើម្បីកាត់បន្ថយការនេសាទខុសច្បាប់ និងចូលរួមចំណែកក្នុងការការពារថែរក្សាធនធានជលផល ដែលកំពុងតែមានការយាយី កំពុងតែមានការរងគ្រោះ កំពុងតែជួបប្រទះបញ្ហាបទល្មើសជាច្រើន ដែលកំពុងធ្វើសកម្មភាពបំផ្លាញមច្ឆជាតិពីមួយថ្ងៃទៅមួយថ្ងៃ៕

ដោយ៖ សូរិយា


ចែករំលែក៖