ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់។
ក្រសួងសុខាភិបាលបានឲ្យដឹងថា ៖ អ្នកឆ្លងជំងឺកូវីដ-១៩ថ្មី២នាក់នេះ គឺបុរសជនជាតិខ្មែរម្នាក់ និងស្ត្រីជនជាតិកាហ្សាក់ស្តង់ម្នាក់ ដែលសុទ្ធសឹងជាករណីនាំចូល។
សូមជម្រាបថា៖ បុរសជនជាតិខ្មែរអាយុ ៣៤ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។ ការវិភាគវត្ថុសំណាកលើកទី០២ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ របស់គាត់ទទួលបានលទ្ធផលតេស្ត វិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ បុរសរូបនេះ ជាអ្នកបានធ្វើដំណើរពីប្រទេសប៉ាគីស្ថាន បន្តជើងយន្តហោះនៅប្រទេសម៉ាឡេស៊ី មកប្រទេសកម្ពុជា ហើយត្រូវបានធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កបូរី១០០ខ្នង រាជធានីភ្នំពេញ តាំងពីពេលនោះមក រហូតដល់ការធ្វើតេស្តលើកទីពីរនេះ ឃើញ វិជ្ជមានវីរុសកូវីដ-១៩នេះ។
ដោយឡែក ស្ត្រីជនជាតិកាហ្សាក់ស្តង់អាយុ ៤២ឆ្នាំ បានធ្វើដំណើរពីប្រទេសកាហ្សាក់ស្តង់ បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់ប្រទេសកម្ពុជា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០។ លទ្ធផលវិភាគវត្ថុសំណាករបស់គាត់ មានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ បច្ចុប្បន្ន ត្រូវបានដាក់ឱ្យ សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀត។
ជើងហោះហើរនេះ មានអ្នកដំណើរសរុបចំនួន២៩នាក់ (ស្ត្រី ១២នាក់ បុរស ១៣នាក់ និងកុមារ ០៤នាក់) ក្នុងនោះមានជនជាតិខ្មែរ១៦នាក់ (ស្ត្រី ០៦នាក់) ជនជាតិកូរ៉េ០២នាក់ (ស្ត្រី០១នាក់) ស្ត្រីជនជាតិអាមេរិកកាំង០៣នាក់ ជនជាតិវៀតណាម០២នាក់ (ស្ត្រី០១នាក់) ជនជាតិកាហ្សាក់ស្តង់០៣នាក់ (ស្ត្រី ០១នាក់) បុរសជនជាតិចិន០១នាក់ បុរសជនជាតិប៉ាគីស្ថាន០១នាក់ និងបុរសជនជាតិកាណាដា ០១នាក់។ ចំពោះអ្នកដំណើរ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានដាក់ឱ្យ ធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ។
សម្រាប់ករណីជាសះស្បើយវិញមាន២នាក់ គឺស្ត្រីជនជាតិខ្មែរ០១នាក់ និងកុមារីជនជាតិអាមេរិកកាំង០១នាក់។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ គិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាបានរកឃើញអ្នកឆ្លងសរុប២៤៣នាក់ (ស្ត្រី ៤៧នាក់ និងបុរស ១៩៦នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២០២នាក់ (ស្រី៤៥នាក់ និងបុរស១៥៧នាក់) និង អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៤០នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ០១នាក់។
សូមរំលឹកថា៖ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ៕
ដោយ៖សិលា