ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាល មានគម្រោងហិរញ្ញប្បទានពិសេសលើទឹកប្រាក់ ៥០លានដុល្លារដើម្បីជំរុញឲ្យប្រជាកសិករយើងប្រឹងប្រែងផលិតបន្លែ ផ្លែឈើ

ចែករំលែក៖

ភ្នំពេញ៖ យុវជននិងកសិករក្នុងស្រុកព្រៃឈរផ្សារភ្ជាប់ជាមួយនឹងកសិកម្ម ដើម្បីប្រែក្លាយពីកសិករទៅជាសហគ្រិនក្នុងការបង្កបង្កើនផលនិងទទួលប្រាក់ចំណូលកាន់តែខ្ពស់។
សូមជម្រាបថា៖ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកទេសនវានុវត្តន៍ និងអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានធ្វើបទបង្ហាញរួមគ្នាក្នុង កម្មវិធីសំណេះសំណាលជាមួយយុវជននិងកសិករក្នុងស្រុកព្រៃឈរផ្សារភ្ជាប់ជាមួយនឹងកសិកម្ម ដើម្បីឲ្យយុវជននិងកសិករប្រែក្លាយពីកសិករទៅជាសហគ្រិនក្នុងការបង្កបង្កើនផលនិងទទួលប្រាក់ចំណូលកាន់តែខ្ពស់។

ក្នុងពិធីសំណេះសំណាលជាមួយយុវជននិងកសិករក្នុងស្រុកព្រៃឈរមានការចូលរួមពីលោក ហេង ណន រដ្ឋលេខាធិការក្រសួងឧស្សាហកម្មវិទ្យាសាស្រ្តបច្ចេកទេសនវានុវត្តន៍និង លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងលោក ហ៊ុល ប៊ុនថា ទីប្រឹក្សាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ព្រមទាំងអស់លោក លោកស្រី អភិបាលនៃគណៈអភិបាលស្រុកព្រៃឈរទាំងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាកសិករ ប្រធានអនុប្រធានសហគមន៍ និងកសិដ្ឋានបង្កាត់ពូជត្រីជាដើម។

លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មបានធ្វើការណែនាំដល់យុវជននិងកសិករក្នុងស្រុកព្រៃឈរថា យើងត្រូវរៀបផែនការដំដុះបន្លែផ្លែឈើចិញ្ចឹមសត្វឱ្យបានត្រឹមត្រូវ ដើម្បីឲ្យក្លាយខ្លួនវិវឌ្ឍនពីកសិករប្រែទៅជាសហគ្រិន ទាមទារឲ្យបងប្អូនមានឆន្ទះសម្រាប់ធ្វើការដាំដុះ ទទួលបានផលច្រើន និងមានសុវត្ថិភាព។ បង្កើនការដាំដុះដើម្បីទទួលផលច្រើន ដែលអាចនាំយកទិន្នផលចូលក្នុងទីផ្សារឲ្យមានចំនួនកាន់តែច្រើននិងស្របតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើង។ ចំពោះបងប្អូនត្រូវមានការប្រើប្រាស់ជីដាក់ដំណាំផ្លែឈើ តាមការណែនាំ របស់ក្រសួងកសិកម្ម ហើយត្រូវមានការចុះបញ្ជីម្ចាស់ចម្ការឲ្យបានត្រឹមត្រូវ។
អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានប្រសាសន៍ទៅកាន់យុវជនស្រុកព្រៃឈរនិងប្រជាកសិករថា សូមប្រជាកសិករ និងយុវជនយើងទាំងអស់មេត្តាធ្វើការដាំដុះប្រកបដោយមានលក្ខណៈបច្ចេកទេសតាមស្តង់ដារ ការដាំដុះលក្ខណៈតូចតាចធ្វើឱ្យបងប្អូនមិនបានទទួលទិន្នផលខ្ពស់នោះទេ ។ ដូច្នេះត្រូវតែសិក្សាធ្វើឱ្យការនាំចេញបន្លែ ត្រី សាច់ ផ្លែឈើនៅនឹងកន្លែងឲ្យទទួលបានទិន្នផលខ្ពស់ដើម្បីផ្គត់ផ្គង់ទីផ្សារនិងជីវភាពប្រចាំថ្ងៃរបស់បងប្អូន។

ជាមួយគ្នានោះដែរលោកអគ្គនាយកបានធ្វើការណែនាំនិងផ្សព្វផ្សាយជូនដល់យុវជន និងកសិករជាច្រើននាក់នៅស្រុកព្រៃឈរដើម្បីទទួលយកបទពិសោធន៍ក៏ដូចជាបច្ចេកទេសពីខាងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ។ បើបងប្អូនកសិកម្មក្នុងខេត្តនេះមានចំណាប់អារម្មណ៍ចំពោះឥណទានរបស់យើងសូមមេត្តាដាក់ពាក្យស្នើសុំដោយភ្ជាប់ជាមួយនូវប័ណ្ណកម្មសិទ្ធិដើម្បីទទួលបានកម្ចីប្រមាណជា៧០ ភាគរយនៃតម្លៃដី ចំពោះការប្រាក់ទាប 5 ភាគរយក្នុង១ឆ្នាំ។

ជាមួយគ្នានោះដែរ លោក ហេង ណន រដ្ឋលេខាធិការក្រសួងឧស្សាហកម្មវិទ្យាសាស្រ្តបច្ចេកទេសនវានុវត្តន៍បានលើកឡើងថា សូមអរគុណដល់អគ្គនាយកធនាគារដែលបានធ្វើការណែនាំដល់យុវជននិងកសិករក្នុងស្រុកព្រៃឈរដើម្បីផ្សារភ្ជាប់ជាមួយនឹងវិស័យកសិកម្មដែលបានជួយទាំងផ្នែកបច្ចេកទេសដាំដុះចិញ្ចឹមសត្វនិងទីផ្សារក៏ដូចជាកម្ចីឥណទានរបស់ធនាគារផងដែរ ។ លោកសង្កត់ធ្ងន់ថាយុវជននិងកសិករគួរត្រិះរិះពិចារណាគិតគូរឲ្យច្បាស់លាស់ជាមុន ដើម្បីធ្វើកសិកម្មប្រកបដោយជោគជ័យនិងមានចីរភាព។

សូមជម្រាបថា គម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលចំនួន ៥០ លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដើម្បីជំរុញឲ្យប្រជាកសិករយើងប្រឹងប្រែងផលិតបន្លែ ផ្លែឈើ លុបបំបាត់ការនាំចូលពីប្រទេសជិតខាង ផ្គត់ផ្គង់ក្នុងស្រុកគ្រប់គ្រាន់ហើយយើងអាចធ្វើការនាំចេញបន្តទៀត ព្រោះការផ្គត់ផ្គង់គ្មានចីរភាព ដាំបាន៧ថ្ងៃ ជាងកន្លះខែក្រោយមិនមានផលិតចូលទីផ្សារទៅទៀត ។ បើគិតមកទល់នឹងដើមខែសីហាពាក្យស្នើសុំកម្ចីរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលមានទឹកប្រាក់សរុបប្រមាណជាង៤៥ លានដុល្លារ នេះចំនួនទឹកប្រាក់ក្នុងការស្នើសុំខ្ចី ប៉ុន្តែធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មមិនទាន់អនុញ្ញាតជូនតាមសំណើរនៅឡើយទេ ព្រោះត្រូវពិនិត្យមើលនិងផ្ទៀងផ្ទាត់ឯកសារបានត្រឹមត្រូវជាមុនសិន ៕

ដោយ៖សិលា


ចែករំលែក៖