ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនអ្នកស្លាប់​និងរបួសកើនឡើងជាបន្តបន្ទាប់ក្នុងករណីផ្ទុះដូចគ្រាប់បែកបរមាណូនៅលីបង់

ចែករំលែក៖

អន្តរជាតិ៖ អង្គការកាកបាទក្រហមលីបង់ នៅថ្ងៃទី​៥ ខែសីហា ​បានប្រកាសឲ្យដឹងថា មានអ្នកស្លាប់កើនឡើងជាង​១០០នាក់ហើយ និងមានអ្នករងរបួសកើនឡើងជិត​៥ពាន់នាក់​ ភាគច្រើនស្ថិតនៅជិតទីតាំងផ្ទុះនាកំពង់ផែ Beirut ប្រទេសលីបង់។ ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើង។
ផ្លូវថ្នល់នានាក្នុងទីក្រុង Beirut គ្របដណ្តប់ទៅដោយបំណែកបែកបាក់​ទ្វារបង្អួចកញ្ចក់ ។ សារព័ត៌មាន AFP ​បានដកស្រង់ការប្រកាសរបស់កាកបាទក្រហម​លីបង់ដែលបានបញ្ជាក់ថា «គិតមកដល់ពេលនេះមានអ្នករបួសជាង​៤ពាន់នាក់ និងស្លាប់ជាង​១០០នាក់ ។ ក្រុមជួយសង្គ្រោះកំពុងតែខិតខំស្វែងរកជនរងគ្រោះនៅតំបន់ជុំវិញកន្លែងផ្ទុះ​ដែលមានអគារបាក់បែក​ជាច្រើន​។
ការផ្ទុះ​បានបំផ្លាញបរិវេណជុំវិញ កំពង់ផែ អគារខ្ពស់ៗនៅជិតនោះរងការខូចខាតយ៉ាងខ្លាំង​ដោយសារសម្ពាធផ្ទុះខ្លាំង​។ រូបភាពបង្ហាញឲ្យឃើញថា កម្លាំងផ្ទុះដូចជាគ្រាប់បែកបរមាណូអ៊ីចឹង ដោយមានផ្សែងភ្លើងរូបផ្សិត​។ពលរដ្ឋ​នៅតាមបណ្តោយឆ្នេរសមុទ្រមេឌីទែរ៉ាណែបានឮសូរសំឡេងផ្ទុះយ៉ាងខ្លាំង​។
ទិដ្ឋភាពនៅទីក្រុង Beirut ពិតជាខ្លោចផ្សាខ្លាំងណាស់ ដោយសារតែពលរដ្ឋរងរបួសច្រើនទាំងក្មេងទាំងចាស់​ឈាមហូរស្រោចពេញខ្លួន។ ជាមួយគ្នានេះក៏មានពលរដ្ឋក្រៅប្រទេសជាច្រើនរងរបួសនិងស្លាប់ក្នុងហេតុការណ៍នោះដែរ​។ ក្រសួងការបរទេសហ្វុីលីពីន​ប្រកាសថា មានជនជាតិហ្វុីលីពីនពីរនាក់ស្លាប់ និង៦នាក់រងរបួស។ អូស្ត្រាលីក៏មានពលរដ្ឋម្នាក់ស្លាប់ផងដែរ ៕

ដោយ៖ធី រីណា


ចែករំលែក៖