អន្តរជាតិ៖ ឧត្តមសេនីយ៍ Apirat Kongsompong មេទ័ពជើងគោករបស់ប្រទេសថៃ បានថ្លែងប្រាប់សិស្សនាយទាហាន អំឡុងពេលទស្សនកិច្ចទៅកាន់សាលាបណ្ឌិតសភាយោធាមួយ កាលពីថ្ងៃទី ៥ ខែសីហាម្សិលមុិញថា «ជំងឺ COVID-19 អាចព្យាបាលជាសះស្បើយតែជំងឺដែលពុំអាចព្យាបាលជា គឺ ការស្អប់ខ្ពើមជាតិឯង»។
មេទ័ពជើងគោកដ៏មានឥទ្ធិពលរបស់ប្រទេសថៃរូបនេះ បានលើកឡើងដោយប្រយោលពីជំងឺរិះគន់ប្រទេសជាតិឯង លោកថា ជំងឺស្អប់ខ្ពើមជាតិខ្លួនឯងដែលកំពុងរាលដាលក្នុងប្រទេស គឺជាការគំរាមធំជាងជំងឺរាតត្បាតសកលCOVID-19 ទៅទៀត ។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ឧត្តមសេនីយ៍ថៃរូបនេះ សង្កត់ធ្ងន់ថា៖«យើងមិនអាចព្យាបាលមនុស្សដែលស្អប់ជាតិពួកគេឡើយ» ម្ល៉ោះហើយទើបជំងឺនេះ ជាការគំរាមកំហែងធំជាងជំងឺ COVID-19 ទៅទៀត។ ការលើកឡើងរបស់ឧត្តមសេនីយ៍ Apirat ធ្វើឡើងខណៈចលនាទាមទារប្រជាធិបតេយ្យក្នុងប្រទេសថៃបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។តួយ៉ាងរយៈពេលជាង២សប្តាហ៍មកនេះបាតុករថៃ បន្តចេញតវ៉ាជាបន្តបន្ទាប់។
សូមជម្រាបថា ក្រុមបាតុករភាគច្រើន ជាយុវជនដែលទាមទារឲ្យរដ្ឋាភិបាលរំលាយសភាចោល បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើក្រុមអ្នករិះគន់និងក្រុមអ្នកប្រឆាំង ហើយធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ប៉ុន្តែអ្វីដែលធ្ងន់ធ្ងរជាងនោះក្រុមបាតុករថៃប្រមាណ២០០នាក់ កាលពីយប់ថ្ងៃទី៣ខែសីហា បានហ៊ានរិះគន់ជាសាធារណៈលើស្ថាប័នមហាក្សត្រដែលមានឥទ្ធិពលខ្លាំង ដែលការពារដោយច្បាប់ដ៏តឹងរ៉ឹងទៀតផង។
គួរបញ្ជាក់ថា ក្រោយរងការបាតុកម្មជាបន្តបន្ទាប់ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធចន្ទអូចា នៅថ្ងៃ៤ ខែសីហា ក៏បានចេញមុខប្ដេជ្ញាជំរុញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ហើយអះអាងថា រដ្ឋាភិបាលលោក ក៏នឹងបង្កើតវេទិកាសម្រាប់យុវជនបញ្ចេញទស្សនៈលើអ្វីដែលពួកគេចង់ឲ្យមាន សម្រាប់អនាគតរបស់ប្រទេសខ្លួនផងដែរ៕
ដោយ៖ស តារា