ភ្នំពេញ៖អគ្គិភ័យបានឆាបឆេះអគារខុនដូ មួយកន្លែងដោយសារឆ្លងចរន្តអគ្គិសនី ផ្អើលដល់កម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យទៅជួយធ្វើអន្តរាគមន៍។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ដែលស្ថិតនៅចំណុចអគារ DE CASTLE តាមបណ្តោយផ្លូវលេខ៣១៥ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងខាងលើមានឈ្មោះ ឆៃ ឈាន ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរអ្នកគ្រប់គ្រងនៅអគារខុនដូខាងលើ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឱ្យដឹងថា គេបានឃើញផ្សែងហុយចេញពីខុនដូធ្វើឱ្យផ្អើលឆោឡោរត់ចែកជើងគ្នា រួចបានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចឱ្យជួយ។
ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចបានទាក់ទងទៅមន្ត្រីជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យដើម្បីឱ្យចេញរថយន្តជួយធ្វើអន្តរាគមន៍ភ្លាមៗនៅកន្លែងកើតហេតុ។ ជាបន្ទាន់នោះកម្លាំងសមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង ប៉ុន្តែជាក់ស្តែងនៅពេលដែលសមត្ថកិច្ចជំនាញបានមកដល់ទីតាំងខាងលើ គឺមិនបានប្រើប្រាស់ទឹកនោះទេ ដោយសារតែម្ចាស់ទីតាំងខុនដូបានយកបំពង់ពន្លត់អគ្គិភ័យមកបាញ់អស់ជាច្រើនបំពង់ធ្វើឲ្យភ្លើងរលត់ទៅវិញទាំងស្រុង។
នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ មិនបណ្តាលឲ្យមានមនុស្សណាម្នាក់រងគ្រោះឡើយ។ ចំពោះមូលហេតុគឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនីប្រអប់ភ្លើងនៅជាន់ទី៦ និងជាន់ទី៧៕
ដោយ៖ រ៉ារ៉ា