អន្តរជាតិ៖ បន្ទាប់ពីក្រុមហ៊ុនចិន Sinovac Biotech បានបង្កើតវ៉ាក់សាំងCOVID-19 ដើម្បីសាកល្បងលើមនុស្សដំណាក់កាលទី៣នោះ ។ប្រទេសឥណ្ឌូណេស៊ី ចិន នឹងចាប់ផ្ដើមធ្វើតេស្ដវ៉ាក់សាំងមួយនេះ ទៅលើមនុស្សនៅសប្ដាហ៍ក្រោយនេះ ។
ការចាប់ផ្ដើមការតេស្ដសាកល្បងលើវ៉ាក់សាំងនេះគឺបន្ទាប់ពីប្រទេសឥណ្ឌូណេស៊ីមានករណីឆ្លងនៅប្រទេសកើនឡើង។ ជាក់ស្តែង វ៉ាក់សាំងCOVID-19នេះ គឺជាការសហការរវាងក្រុមហ៊ុនផលិតឱសថ Bio Farma របស់ប្រទេសឥណ្ឌូណេស៊ី និងក្រុមហ៊ុន Sinovac Biotech របស់ចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានCNA នៅថ្ងៃទី៦ ខែសីហា ម្សិលមិញនេះ ។
សូមជម្រាបថា ការតេស្ដសាកល្បងដំណាក់កាលទី៣នៃវ៉ាក់សាំងនេះ នឹងចាប់ផ្ដើមនៅថ្ងៃទី១១ ខែសីហា និងត្រូវការអ្នកស្ម័គ្រចិត្តចូលរួម ១៦២០នាក់អាយុចន្លោះ១៨ទៅ៥៩ឆ្នាំ។ ក្នុងការតេស្ដសាកល្បងនេះ អ្នកចូលរួមពាក់កណ្ដាលនឹងទទួលបានវ៉ាក់សាំងក្នុងរយៈពេល៦ខែ និងអ្នកនៅសល់ទទួលបានថ្នាំបញ្ឆោត (Placebo)។ បច្ចុប្បន្នមានអ្នកស្ម័គ្រចិត្តចូលរួមចំនួន៨០០នាក់ហើយ។
ដោយឡែក មន្ត្រីសហគ្រាសឱសថរបស់ឥណ្ឌូណេស៊ី លោក Erick Thohir បានលើកឡើងថាក្រុមហ៊ុន Bio Farma នឹងត្រៀមក្នុងការផលិតវ៉ាក់សាំង ២៥០លានដូសក្នុងមួយឆ្នាំនៅចុងឆ្នាំនេះប្រសិនជាវ៉ាក់សាំង Sinovac នេះទទួលបានជោគជ័យ។
បើគិតមកដល់ត្រឹមថ្ងៃសុក្រទី៧ ខែសីហានេះ ប្រទេសឥណ្ឌូណេស៊ី បានចំនួនអ្នកឆ្លងសរុបជាង ១១ម៉ឺនករណី ក្នុងនោះអ្នកជាសះស្បើយជាង៧ម៉ឺននាក់ និងអ្នកស្លាប់ ៥៥២១នាក់ ៕
ដោយ៖ស តារា