ព័ត៌មានទាន់ហេតុការណ៍៖

លីបង់អស់លុយដើម្បីអភិវឌ្ឍក្រោយការផ្ទុះសារធាតុគីមី ហើយការបែកបាក់ផ្ទៃក្នុងកាន់តែខ្លាំង

ចែករំលែក៖

អន្តរជាតិ៖ នៅពេលនេះរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងពាណិជ្ជកម្មលីបង់ លោក Raoul Nehmeបានប្រកាសថា វិធីសាស្ត្រដ៏ល្អសម្រាប់ប្រទេសរបស់លោកគឺសហការជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ។
លោក Raoul Nehme បានបញ្ជាក់ថា «លីបង់​អស់លុយដើម្បី ដំណើរការអភិវឌ្ឍក្រោយគ្រោះថ្នាក់ផ្ទុះគីមី​។ យើងបានអំពាវនាវដល់សហគមន៍អន្តរជាតិ​ជួយផ្តល់ជំនួយ​​។ ជាមួយគ្នានេះយើងត្រូវការពេលវេលាដើម្បីវាយតម្លៃពីការខូចខាត ដោយការផ្ទុះទ្រង់ទ្រាយធំ ក្នុងប្រវត្តិសាស្ត្រ។
សម្រាប់ពលរដ្ឋលីបង់វិញបង្ហាញការខឹងសម្បាយ៉ាងខ្លាំងដល់រដ្ឋាភិបាលបក្ខពួក​និយមនិងពុករលួយបច្ចុប្បន្ន។ នៅពេលនេះពលរដ្ឋបានបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដោយនាំគ្នាធ្វើបាតុកម្ម បង្កឲ្យមានអំពើហិង្សា ។
តាមសារព័ត៌មាន​CNA នៅថ្ងៃទី ៧ខែសីហាបានផ្សាយថា បាតុកម្មតវ៉ា ដែលបានផ្ទុះឡើងនៅថ្ងៃនេះ ទោះបីជាមានចំនួនអ្នកចូលរួមតិចតួច ប៉ុន្តែអំពើហិង្សាបានផ្ទុះឡើងគួរឱ្យព្រួយបារម្ភ ដោយក្រុមបាតុករខ្លះបានសម្រុក ចូលក្នុងអគារសភា ស្ថិតនៅកណ្ដាលរដ្ឋធានីបេរូត។ ប៉ូលិសបង្រ្កាបកុបកម្ម ក៏ត្រូវបានដាក់ពង្រាយផងដែរ បន្ទាប់ពីក្រុមបាតុករមួយចំនួនដុតបំផ្លាញ និងគប់ដុំថ្មលើអាជ្ញាធរដែលបានសម្រេចចិត្តប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងប្រើកម្លាំងបាយបំបែកហ្វូងបាតុករ។ តែទន្ទឹមគ្នានោះ មិនទាន់មានសេចក្ដីរាយការណ៍ពីអ្នករងរបួស ឬត្រូវបានចាប់ខ្លួននៅឡើយទេ។
កន្លងមក អភិបាលក្រុងបេរូត លោក Marwan Abboud បានប៉ាន់ប្រមាណថា ការផ្ទុះនេះបានធ្វើឲ្យលីបង់ខាតបង់ប្រាក់ពី៣ទៅ ៥ពាន់លានដុល្លារ ចំពេលដែល ប្រទេសទាំងមូលកំពុងតែស្ថិតក្នុងវិបត្តិនយោបាយផង និងវិបត្តិសេដ្ឋកិច្ចផងដែលបង្កឡើង ដោយCOVID-19៕ដោយ៖ធី រីណា


ចែករំលែក៖