ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូហុងដាសេ១២៥ស៊េរីឆ្នាំ២០២០នៅមុខផ្ទះលក់គ្រឿងទេសផ្អើលទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់អ្នកភូមិហើយបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានបន្ទាប់ពីស្ត្រីម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ស៊េរីឆ្នាំ២០២០មកឈប់នៅមុខផ្ទះម្ដាយលក់ចាប់ហួយហើយមិនដកកូនសោត្រូវជនសង្ស័យដើរមកឃើញក៏ឡើងជិះបើកចេញទៅធ្វើឱ្យម្ចាស់ស្រែកថាចោរៗកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៩ខែសីហាឆ្នាំ២០២០ស្ថិតនៅក្នុងភូមិព្រះទន្លេ ឃុំសង្ឃ័រ ក្រុងស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ស្ត្រីម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះនាង សុធារី ហៅ(ការ៉ន)អាយុ៣២ឆ្នាំ មានប្ដីឈ្មោះទិន ភក្តី  អាយុ ៣៦ឆ្នាំ រស់នៅភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។

តាមសម្តីឈ្មោះទិន ភក្ដីបានឲ្យដឹងថា មុនពេលកើតហេតុប្រពន្ធគាត់ឈ្មោះ នាង សុធារី ហៅ(ការ៉ន)បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ស្វាយរៀង ១O-២០៤២មកផ្ទះម្ដាយលក់អីវ៉ាន់ចាប់ហួយដើម្បីទិញសំណាញ់ត្រង់កូនត្រី ដែលស្ថិតនៅក្នុងភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។ពេលគាត់កំពុងតែវាស់សំណាញ់ ភ្លាមនោះស្រាប់តែមានបុរសម្នាក់ដែលមិនស្គាល់អត្តសញ្ញាណបានចូលមកយកកាំភ្លើងខ្លីភ្ជង់ប្អូនស្រីរបស់គាត់ឈ្មោះសោភា អាយុ ១៨ឆ្នាំ ដែលជាម្ចាស់ផ្ទះលក់អីវ៉ាន់ចាប់ហួយគំរាមមិនឱ្យស្រែកហើយយកម៉ូតូជិះចេញទៅភ្លាមៗនោះប្អូនស្រីក៏ស្រែកឆោឡោថាចោរៗធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាដេញតាមពីក្រោយតែដេញមិនទាន់ដោយសារមានរថយន្តបាំងពីមុខ។

ក្រោយពេលកើតហេតុជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលដើម្បីឱ្យសមត្ថកិច្ចជួយស្វែងរកជនសង្ស័យ។

ពាក់ពន្ធ័ករណីនេះលោកកែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថាពិតជាមានករណីនេះមែន ប៉ុន្តែមិនមែនប្លន់នោះទេដោយជនសង្ស័យដើរមកមុខផ្ទះលក់ចាប់ហួយហើយឃើញម៉ូតូឈប់ចតមិនបានដកកូនសោចេញពីម៉ូតូនោះធ្វើឱ្យជនសង្ស័យមានឱកាសក៏ដើរចូលទៅជិតប៉ុន្តែមានស្ត្រីម្នាក់ទៀត

ឈរក្បែរម៉ូតូទើបជនសង្ស័យយកវត្ថុម៉្យាងមកគំរាមរួចក៏ជិះគេចខ្លួនតែម្ដង។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងធ្វើការស្រាវជ្រាវដើម្បីស្វែងរកជនសង្ស័យយកមកចាត់ការតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖