ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តរតនគិរី ចុះពិនិត្យនិងពង្រឹងកម្លាំងជំនាញឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម

ចែករំលែក៖

ខេត្តរតនគិរី៖ នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០នេះ លោក ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានចុះត្រួតពិនិត្យ និងពង្រឹងកម្លាំងជំនាញដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រឃុំប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ក្នុងគោលដៅពង្រឹងស្មារតីក្នុងការបំពេញតួនាទី ភារកិច្ចរបស់កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធនៅតាមព្រំដែន។
កងកម្លាំងត្រូវខិតខំបង្ការ និងទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងការចម្លងមេរោគកូវីដ-១៩ ស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាលកម្ពុជា ក្រោយពីប្រទេសវៀតណាម ខេត្តដាណាង បានផ្ទុះករណីកូវីដ-១៩យ៉ាងរាលដាលមក។ លោកអភិបាលខេត្ត បានថ្លែងផ្ដាំផ្ញើបែបនេះ ខណៈដែលលោកដឹកនាំក្រុមការងារចុះពិនិត្យ និងពង្រឹងកម្លាំងជំនាញឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។
លោក ថង សាវុន បានបន្តណែនាំដល់កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តឲ្យបាននូវតួនាទី ភារកិច្ច និងគោលការណ៍ណែនាំអំពីវិធានការនានាពាក់ព័ន្ធនឹងការបង្ការ និងទប់ស្កាត់មេរោគកូវីដ-១៩ ដោយសហការឲ្យបានជិតស្និទ្ធជាមួយសមត្ថកិច្ចប្រទេសជិតខាង ក្នុងការងារផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកពីស្ថានភាពនៃការឆ្លងរាលដាលមេរោគកូវីដ-១៩។
សូមបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំ ដល់អភិបាលរាជធានី-ខេត្ត ទាំង២៥ ត្រូវមានវិធានការទប់ស្កាត់តាមព្រំដែន បញ្ចៀសការឆ្លងដែន ពិសេសខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ៕

ដោយ៖ សិលា


ចែករំលែក៖