កូរ៉េខាងត្បូង៖ ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ជាច្រើនថ្ងៃជាប់គ្នានៅកូរ៉េខាងត្បូង បណ្តាលឲ្យមានអ្នកស្លាប់កើនឡើង ដល់៣០នាក់ហើយ និងបាត់ខ្លួន១២នាក់ទៀត។ ក្រុមជួយសង្គ្រោះកំពុងតែខិតខំស្វែងរកអ្នកបាត់ខ្លួន និងជម្លៀសពលរដ្ឋ ចេញពីតំបន់គ្រោះថ្នាក់។
សារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃ ទី០៩ ខែសីហា ឆ្នាំ២០២០បានផ្សាយថា តាមមន្ត្រីកូរ៉េខាងត្បូង នៅថ្ងៃទី៩ខែសីហា បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងបាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង តាំងពីថ្ងៃទី៨ខែសីហាអ្នកស្លាប់ គឺបានកើនដល់៣០នាក់ហើយ ខណៈ១២នាក់នៅបន្តបាត់ខ្លួន និង០៨នាក់ទៀតបានរងរបួស។ នៅក្រុងសេអ៊ូល និងទីក្រុងធំៗ ទៅដល់តំបន់ភាគខាងត្បូងប្រទេសនេះក៏មានភ្លៀងធ្លាក់ខ្លាំងផងដែរ។
ជាមួយគ្នានេះពលរដ្ឋ ៥,៩៧១នាក់ ដែលមកពី៣,៤៨៩គ្រួសារ ត្រូវបានបង្ខំឲ្យជម្លៀសចេញពីលំនៅឋាន ទៅកាន់តំបន់មានសុវត្ថិភាព។ ក្នុងចំណោមនោះ មនុស្ស ៤,៦១៧នាក់ មិនទាន់អាចត្រឡប់ទៅផ្ទះពួកគេវិញបាននៅឡើយទេ។
ភ្លៀងខ្លាំងបានជនលិច ផ្ទៃដីកសិកម្ម ៩,៣០០ហិកតា ទន្ទឹមនឹងនេះដែរ ផ្ទះសម្បែង ជម្រកសត្វ កន្លែងស្តុកទំនិញ និងរោងចក្រជាដើម ក៏ត្រូវបានជន់លិច ខណៈដែលផ្លូវថ្នល់ ផ្លូវដែក ស្ពាន និងអាងស្តុកទឹក បានរងការខូចខាត។ ប៉ុន្តែ ៧៣ភាគរយនៃទ្រព្យសម្បតិ្តដែលខូចខាតទាំងនោះ ត្រូវបានស្ដារឡើងវិញក្នុងលក្ខណៈបន្ទាន់ រួចហើយផងដែរ៕ដោយ៖ធី រីណា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច