ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ​ឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ ក្រោយធ្វើសកម្មភាពលួចម៉ូតូ របស់ប្រជាពលរដ្ឋ បានសម្រេច យកទៅលក់បានលុយ៣០០ដុល្លារ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង០៧:១០នាទីយប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០នេះ នៅមុខផ្ទះគ្មានលេខ ភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ០២នាក់ ៖

១-ឈ្មោះធី អូន អាយុ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិ ចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

២-ឈ្មោះ សាន សុខនី អាយុ៣៤ ឆ្នាំ ជាតិខ្មែរ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ (ទាំង០២នាក់ ប្រើប្រាស់គ្រឿងញៀន)។ ចំណែក ជនរងគ្រោះឈ្មោះ ចាន់ សុខបញ្ញា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកធនាគារ ស្នាក់នៅផ្ទះលេខ៥៩ ផ្លូវ៦៤០ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១។

លោកវរសេនីយ៍ត្រី គាន់ ឌីណា អធិការរងខណ្ឌច្បារអំពៅបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខព្រះសីហនុ 1G-4354 នៅចំណុចកើតហេតុ ដោយពុំបានចាក់សោកម៉ូតូទេ រួចចូលក្នុងផ្ទះបងប្អូន ស្រាប់តែមានជនសង្ស័យ ០២នាក់ ជិះម៉ូតូម៉ាកហុងដាស្កូបពី ពណ៌ស ស្លាកលេខភ្នំពេញ 1ID-2839 មកឈប់ជិត រួចធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ ដោយជនសង្ស័យឈ្មោះសាន សុនី ជាអ្នកជិះយកទៅលក់ឲ្យឈ្មោះថា ប្រើទូរស័ព្ទលេខ ០១០៥២៤១៣៦ នៅតាមផ្លូវជាតិលេខ៣ បានលុយ៣០០ដុល្លារ រួចយកឲ្យជនសង្ស័យ ឈ្មោះធី អូន ១០០ដុល្លារ។

លុះដល់ម៉ោង១២ថ្ងៃដដែល ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះករណីបាត់ម៉ូតូដោយមានការយកចិត្តទុកដាក់ពីលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនៃអធិការដ្ឋានខណ្ឌច្បារអំពៅ លោកវរសេនីយ៍ត្រី គាន់ ឌីណា អធិការងទទួលផែនយុត្តិធម៌ និងលោកវរសេនីយ៍ត្រី វុឌ្ឍ​ ផូសារវ័ន្ត​ អធិការរង​ បានសហការគ្នាដឹកនាំកម្លាំងចុះស្រាវជ្រាវឈានទៅដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះធី អូន នៅបន្ទប់ជួលភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងឆែកឆេរ ដកហូតបាន: ម៉ូតូ០២គ្រឿង (០១គ្រឿងម៉ាកហុងដាស្កូបពី ជិះធ្វើសកម្មភាព) និង០១គ្រឿងទៀតម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1IG-7678 ក្រាមពណ៌សថ្លា(សង្ស័យគ្រឿងញឿន) ០២កញ្ចប់ថង់ធំល្មម, ទូរស័ព្ទដៃ០១គ្រឿងម៉ាកសាមសុង លុយ១០០ដុល្លារ, បណ្ណសំគាល់ទោចក្រយាន យន្ត០១សន្លឹក, ទួណឺវ៉ីស០៤,កូនសោលេខ ១៤ចំនួន០៤, ដែកឆាបចុងស្រួច០១, កូនសោម៉ូតូ០១ និងឧបករណ៍ជក់គ្រឿងញៀន ០១កំប្លេ។ 

បន្ទាប់មកសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានបន្តសហការណ៍ជាមួយនគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះសាន សុនី នៅផ្ទះសំណាក់ឡាលីន (បន្ទប់លេខ១០១) ក្រុងតាខ្មៅ ខេត្តកណ្តាល ដកហូត ទូរស័ព្ទដៃ០១គ្រឿង ម៉ាកសូនី ពណ៌ខ្មៅ, លុយ២០០ដុល្លារ និងកូនសោខ្សៀលេខ៨ចំនួន០១។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕​ ជ្រោយពេជ្រ


ចែករំលែក៖