ភ្នំពេញ៖ បន្ទាប់ពីការនាំចេញផ្លែស្វាយកែវរមៀតកម្ពុជា ទៅទីផ្សារពិភពលោក បានជាផ្លូវការនោះ លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មក៏បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វិធានការជំរុញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក»នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៦សីហា ឆ្នាំ២០២០ថ្មីៗនេះថា កម្ពុជាអាចនាំចេញផ្លែមៀនប៉ៃលិនទៅកាន់ទីផ្សារប្រទេសចិននៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ។
លោក ងិន ឆាយ ថ្លែងបន្តថា កម្ពុជាបានផ្ញើរបាយការណ៍វាយតម្លៃពីហានិភ័យ និងសមាសភាពចង្រៃនៅលើផ្លែមៀនប៉ៃលិន ទៅប្រទេសចិនរួចអស់ហើយ ដោយនៅតែរង់ចាំមន្ត្រីបច្ចេកទេសផ្នែកភូតគាមអនាម័យ និងអនាម័យភាគីចិន មកត្រួតពិនិត្យបច្ចេកទេសដាំដុះ វេចខ្ចប់រក្សាទុក នៅកម្ពុជាប៉ុណ្ណោះ។
លោកអគ្គនាយកកសិកម្មរូបនេះ ក៏បាកសង្កត់ធ្ងន់ថា៖«ក្រោយពីនាំចេញផ្លែស្វាយភ្លាម ហើយនៅពេលដែលរដូវមៀនប៉ៃលិនចាប់ផ្តើមប្រមូលផលខាងភាគីចិននឹងចុះមកត្រួតពិនិត្យវាយតម្លៃលើផ្លែមៀនប៉ៃលិន។ អ៊ីចឹង នេះជាការប៉ាន់ស្មាន និងព្យាកររបស់យើងក្នុងដើមឆ្នាំ២០២១ យើងអាចនាំចេញស្វាយ ហើយប្រហែលចុងឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២ យើងអាចនាំចេញផ្លែមៀនប៉ៃលិនទៅប្រទេសចិនបាន»។
បន្ថែមពីនេះទៅទៀត លោក ងិន ឆាយ បញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានក្រុមហ៊ុនឯកជនមួយកំពុងវិនិយោគលើរោងចក្រសម្លាប់មេរោគ និងវេចខ្ចប់មៀនប៉ៃលិននេះ នៅក្នុងខេត្តប៉ៃលិន។ ជាក់ស្តែងកាលពីខែមិថុនា ឆ្នាំ២០២០កន្លងទៅ រដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងជាផ្លូវការជាមួយរដ្ឋាភិបាលចិន ក្នុងការនាំចេញផ្លែស្វាយ កែវរមៀតចំនួន ៥០ម៉ឺនតោនក្នុងមួយឆ្នាំ ទៅកាន់ទីផ្សារប្រទេសចិនផងដែរ ។
លោកបន្តថា ការអូសបន្លាយពេលនេះគឺដោយសារតែអាជ្ញាធរគយប្រទេសចិន តែងធ្វើការពិនិត្យលើការស្នើសុំនាំចូលផលិតផលកសិកម្មម្តង ១ មុខៗគឺទាល់តែចប់ ១ ទើបគេចាប់ផ្តើម ១ ទៀត ខណៈបច្ចុប្បន្នការនាំចេញផ្លែស្វាយពីកម្ពុជាទៅចិនមិនទាន់កើតឡើងនៅឡើយទេទោះបីជាមានកិច្ចព្រមព្រៀងជាមួយគ្នាហើយក៏ដោយ។ បន្ទាប់ពីមៀនប៉ៃលិន យើងអាចដាក់ម្រេច និងទឹកមាត់ត្រចៀកកាំ»។
ដោយឡែកបើរបាយការណ៍ក្រសួងកសិកម្ម បានឲ្យដឹងថា ក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២០ កម្ពុជាបាននាំចេញផលិតផលដំណាំកសិកម្មជាផ្លូវការទៅក្រៅប្រទេសបានចំនួន ២,៦៨ លានតោនកើនឡើង ៩,០៦ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩។ ដោយឡែកការនាំចេញទៅប្រទេសចិន មានចំនួន ២៨៦ ៧៩០ តោន។
គួរបញ្ជាក់ថា កម្ពុជាគ្រោងនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិនក្នុងខែសីហានេះ ដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុនសែន នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីធ្វើជាសាក្សីក្នុងការចុះហត្ថលេខានេះផងដែរ ៕ដោយ៖ស តារា