ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តសៀមរាប៖ តំបន់ផាប់​ស្ទ្រី​ត ​នឹង​បើក​ដំណើរការ​ឡើងវិញ នៅពាក់កណ្ដាលខែសីហានេះ ប៉ុន្តែមិនមាន​ការបើក​ភ្លេង​រាំ​កម្សាន្ត​នោះទេ

ចែករំលែក៖

    ខេត្តសៀមរាប​៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាល​ខេត្ត កាលពីថ្មីៗនេះ បានបញ្ជាក់ថា ខេត្តសៀមរាប នឹង​រៀបចំ​ពិធី​កម្សាន្ត​រយៈពេល​៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៧ ដល់ទី​២១ សីហា ខាងមុខនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បាន​អនុញ្ញាត​ឲ្យពលរដ្ឋ​ឈប់សម្រាកចំនួន៥ថ្ងៃដើម្បីសង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរកន្លងទៅ​ ។

រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា កម្មវិធី​សាសនា ក​ម្មិ​វ​ធី​កម្សាន្ត​ជាច្រើនបានរៀបចំ​ឡើង ដើម្បី​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប មាន​ចរន្ត​ឡើងវិញ ក្រោយ​ជាប់គាំង​ច្រើន​ខែ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។ ជាក់ស្ដែងតំបន់​សំខាន់ៗ ដូចជា​៖ ស្ទឹង​សៀមរាបសួនច្បារ​មាត់​ស្ទឹង សុទ្ធតែ​កំពុង​មមាញឹក​រៀបចំ​កម្មវិធី ក្នុងនោះ​អាជ្ញាធរ​ក៏​នឹង​បើក​ឡើងវិញ​នូវ​តំបន់​ផាប់​ស្ទ្រី​តដែលជា​តំបន់​សំខាន់​ក្នុង​ក្រុង​សៀមរាប​ផងដែរ​។

ដោយឡែកលោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​ ក៏បានបញ្ជាក់ថាតំបន់ផាប់​ស្ទ្រី​ត ​នឹង​បើក​ដំណើរការ​ឡើងវិញ ដើម្បីឱ្យ​ម្ចាស់​អាជីវកម្ម​អាច​រកចំណូលបាន​ខ្លះ តែ​ការបើក​នេះ មិនមាន​ការបើក​ភ្លេង​រាំ​កម្សាន្ត​ដូច​មុន​ឡើយ តែ​ជា​ការបើក​ក្នុង​រូបភាព​ថ្មី​។

លោក​អភិបាលខេត្ត ​បន្តថា អាជ្ញាធរ​ព្យាយាម​កែច្នៃ​យ៉ាងណា ឲ្យអាជីវករ​អាច​រកចំណូលបាន​ខ្លះ​ពី​ឱកាស​ថ្ងៃ​ឈប់សម្រាក​ខាងលើនេះ ។ ប៉ុន្តែហាងនីមួយៗត្រូវតែបន្តអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ–១៩ ផងដែរ៕ដោយ៖ស តារា


ចែករំលែក៖