ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកប្រកាសអាសន្នពីចំនួនពលរដ្ឋបោះបង់សញ្ជាតិអាមេរិក

ចែករំលែក៖

អន្តរជាតិ៖ សារព័ត៌មានCNN នៅថ្ងៃទី​១០ខែសីហា​ បានផ្សាយថា ចំនួនពលរដ្ឋអាមេរិកបោះបង់សញ្ជាតិកើនឡើងខ្ពស់មិនធ្លាប់មានក្នុងរយៈពេល៦ខែដើមឆ្នាំ​២០២០ មូលហេតុ គឺដោយសារតែពលរដ្ឋមិនពេញចិត្តពីបញ្ហានយោបាយ ពន្ធដាររបស់អាមេរិក។
សារព័ត៌មាន​CNNបានផ្សាយថា តាមលទ្ធផលស្ទង់មតិនៅថ្ងៃទី ៩ខែសីហា​ បង្ហាញឲ្យឃើញថា ពលរដ្ឋអាមេរិកបោះបង់សញ្ជាតិ កើនឡើងខ្ពស់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ តាមតួលេខរបស់ Bambridge Accountants ដែលជាក្រុមហ៊ុនមានឯកទេសស្តីពីពន្ធដារ មានទីតាំងនៅទីក្រុងញូវយ៉កបានបង្ហាញឲ្យឃើញថា មានពលរដ្ឋអាមេរិកដល់ទៅ៥៨០០នាក់ បានបោះបង់សញ្ជាតិអាមេរិកទៅចូលសញ្ជាតិប្រទេសផ្សេងវិញ​។ តួលេខខាងលើគឺកើនឡើងទ្វេដង បើប្រៀបធៀបនឹងឆ្នាំ​២០១៩ ដែលមានតែ​២០២៧នាក់បោះបង់សញ្ជាតិតែប៉ុណ្ណោះ។​
ក្រុមហ៊ុន​Bambridge Accountants បានប្រកាសឲ្យដឹងថា តួលេខខាងលើបានមកពី​របាយការណ៍បើកចំហរបស់រដ្ឋាភិបាលអាមេរិក ស្តីពីបញ្ជីឈ្មោះបុគ្គលបោះបង់សញ្ជាតិអាមេរិក​ ដែលត្រូវធ្វើបច្ចុប្បន្នភាព៣ខែម្តង។
លោកAlistair Bambridge ប្រធានក្រុមហ៊ុន​Bambridge Accountants បាននិយាយទៅកាន់សារព័ត៌មានCNN ថា មូលហេតុដែល​ពលរដ្ឋអាមេរិក បោះបង់សញ្ជាតិរបស់ខ្លួនគឺដោយសារតែពួកគាត់ធុញទ្រាន់នឹងការដឹកនាំរបស់ប្រធានាធិបតីដូណាល់ ត្រាំ​ ពិសេសគឺការទប់ស្កាត់ឆ្លងរាលដាលកូវីដ​-១៩​។
ពលរដ្ឋអាមេរិកដែលចង់បោះបង់សញ្ជាតិ គឺត្រូវតែបង់ផាកពិន័យជាទឹកប្រាក់​២៣៥០ដុល្លារ ហើយត្រូវតែមានវត្តមាននៅស្ថានទូត ដើម្បីបំពេញបែបបទ ប្រសិនបើពលរដ្ឋនោះនៅបរទេស៕

ដោយ៖ធី រីណា


ចែករំលែក៖