ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីមួយរូបទៀតហើយនៅ លីបង់លាលែងពីតំណែង

ចែករំលែក៖

អន្តរជាតិ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លីបង់ លោកស្រី Marie Claude Najm បានដាក់លិខិតលាលែងចេញពីតំណែង​ក្រោយការផ្ទុះសារធាតុគីមីសម្លាប់មនុស្សជាច្រើននៅទីក្រុង​Beirut។
នៅថ្ងៃទី​១០ ខែសីហានេះរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកស្រី​Marie Claude Najm បានសម្រេចលាលែងចេញពីតំណែង។ លោកស្រីជារដ្ឋមន្ត្រីទី​៣ហើយ ដែលបានលាលែងចេញពីតំណែង ចាប់តាំងពីការផ្ទុះនៅថ្ងៃទី​៤ខែសីហា​មក។ ថ្មីៗនេះរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកស្រីManal Abdel Samad រួមទាំងរដ្ឋមន្ត្រីក្រសួងបរិស្ថាន​​លោកDamianos Kattar បានលាលែងចេញពីតំណែង។
លទ្ធផលនៃការស៊ើបអង្កេតបឋមបង្ហាញឲ្យឃើញថា ការធ្វេសប្រហែសនៃការគ្រប់គ្រងនិងប្រតិបត្តិការឃ្លាំងស្តុកសម្ភារដែលមានហានិភ័យខ្ពស់នៅកំពង់ផែបេរូត ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកគឺជាមូលហេតុនៃការផ្ទុះសម្លាប់មនុស្សជាច្រើន។ មកទល់ពេលនេះចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៥៨នាក់ហើយ និងជាង៦ពាន់នាក់រងរបួស​ ហើយនៅមានអ្នកបាត់ខ្លួន​២១នាក់នៅឡើយ។ ក្រៅពីនេះមានពលរដ្ឋ ប្រមាណ​៣សែននាក់បាត់បង់ផ្ទះសម្បែង​។
ក្រុមអ្នកជំនាញបានលើកឡើងថា នឹងមានរដ្ឋមន្ត្រីជាច្រើនរូបទៀតលាលែងចេញពីតំណែង ខណៈពលរដ្ឋជាច្រើនបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ហើយនាំគ្នាធ្វើបាតុកម្មទាមទាររំលាយរដ្ឋាភិបាល​។ ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីលីបង់ ក៏បានអំពាវនាវឲ្យរៀបចំការបោះឆ្នោតមុនពេលកំណត់ ដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋ មកលើរដ្ឋាភិបាល​ក្នុងការអភិវឌ្ឍឡើងវិញ៕

ដោយ៖ធី រីណា

 


ចែករំលែក៖