ព័ត៌មានទាន់ហេតុការណ៍៖

រឿងព្រេងខ្មែរ÷ រឿង ​ក្អែក​និង​ខ្វែក​សត្រូវ​គ្នា

ចែករំលែក៖

មានសេចក្ដីនិទានថា កាល​ពី​ព្រេង​នាយ សត្វ​បក្សី​ទាំង​អស់​សុទ្ធ​តែ​មាន​សម្បុរ ស​ ដូច ៗ គ្នា ខុស​គ្នា​តែ​រាងរៅ និង​សណ្ឋាន​ទ្រង់​ទ្រាយ​ប៉ុណ្ណោះ ។ ពេល​ដែល​ហើរ​នៅ​លើ​អាកាស គេ​មិន​អាច​សម្គាល់​បាន​ថា​ជា​សត្វ​អ្វី ៗ ឡើយ ។ ដោយ​មាន​សភាព​ច្រឡំ​គ្នា​ដូច្នេះ ទើប​សត្វ​ទាំង​អស់​បាន​បបួល​គ្នា​មក​ប្រជុំ​ប្រឹក្សា​គ្នា​ថា “ ឥឡូវ​នេះ​យើង​ទាំង​អស់​គ្នា​គិត​រចនា​រូប​យើង​ទាំង​អស់​គ្នា​ឲ្យ​មាន​សភាព​យ៉ាង​ណា ដើម្បី​ឲ្យ​មាន​ពណ៌​សម្បុរ​ខុស​ៗ​គ្នា ប្រយោជន៍​កុំ​ឲ្យ​មនុស្ស​លោក​គេ​ច្រឡំ ”។ លុះ​ជំនុំ​អស់​ពេល​ជា​យូរ ទើប​សម្រេច​ថា “អ្នក​ណា​ស្រលាញ់​ពណ៌​សម្បុរ​យ៉ាង​ណា ចូរ​ធ្វើ​យ៉ាង​នោះ​ទៅ​ចុះ កុំ​ឲ្យ​តែ​ដូច​គ្នា ” ពេល​នោះ​សត្វ​ទាំង​អស់​បាន​អនុមតិ​យល់​ព្រម តាំង​សត្វ​ខ្វែក ឲ្យ​ធ្វើ​ជា​មេ​ជាង​ខាង​គំនូរ ។ ខ្វែក​បាន​គូរ​គ្រប់​សត្វ​ទាំង​អស់ តាម​របៀប​ដែល​គេ​ចូល​ចិត្ត​រៀង ៗ ខ្លួន នៅ​សល់​តែ​ក្អែក​និង​ខ្វែក​ខ្លួន​ឯង ពុំ​ទាន់​បាន​គូរ​នៅ​ឡើយ ។ ខ្វែក​សួរ​ទៅ​ក្អែក​ថា “ បង​ក្អែក​ឯង​ចង់​គូរ​ពណ៌​ដូច​ម្ដេច ?” ។ ក្អែក​ឆ្លើយ​ថា “ ស្រេច​នៅ​លើ​បង​ខ្វែក បង​ដែល​ជា​ជាង​គំនូរ​ស្រាប់ គូរ​យ៉ាង​ណា​ឲ្យ​តែ​សម​ល្អ” ។ ខ្វែក​ឆ្លើយ​ថា “អើ ! បើ​ដូច្នោះ ខ្ញុំ​គូរ​បាន​តែ​ពេល​យប់​ទេ ទើប​រំលេច​ពណ៌​ល្អ គូរ​ថ្ងៃ​មិន​ល្អ​ទេ ។ ប៉ុន្តែ ចូរ​បង​ក្អែក​ឯង​គូរ​ឲ្យ​ខ្ញុំ​មុន​សិន​ចាំ​ខ្ញុំ​គូរ​ឲ្យ​បង​ឯង​ក្រោយ ក្អែក​ក៏​គូរ​ឲ្យ​ខ្វែក​មាន​ពណ៌​ក្រវេមក្រវាម​តាម​ពេញ​ចិត្ត ” ។ លុះ​ដល់​ពេល​យប់​ងងឹត​សូន្យ​សុង ខ្វែក​ក៏​ហៅ​ក្អែក​ទាំង​អស់​មក​ប្រជុំ​គ្នា ហើយ​លាយ​ធ្យូង​មួយ​ខ្ទះ​ធំ យក​កំណាត់​ជ្រលក់ លាប ៗ ពេញ​សព្វ​ទាំង​អស់ គ្មាន​សល់​សាច់​ត្រង់​ណា​បន្តិច​បន្តួច​ឡើយ ។ លុះ​ព្រឹក​ឡើង​កាល​ណា ក្អែក​ទាំង​អស់​ឃើញ​ខ្លួន​ខ្មៅ​ព្រីក​គ្រប់ ៗ គ្នា ។ ឯ​ខ្វែក​គ្រាន់​តែ​ភ្លឺ​ព្រាង ៗ ក៏​នាំ​គ្នា​ហើរ​គេច​ខ្លួន​បាត់​អស់ ។ ក្អែក​នឹក​ខឹង​ណាស់ នាំ​គ្នា​ហើរ​ស្រែក​កង​រំពង​ពាស​ពេញ​ព្រៃ រក​ខ្វែក, ឲ្យ​តែ​ជួប​ប្រទះ​នឹង​ចឹក​សម្លាប់​ឲ្យ​វិនាស ។ ហេតុ​នោះ​ហើយ ទើប​សត្វ​ខ្វែក​រក​ស៊ី​តែ​ពេល​យប់ ព្រោះ​បើ​រក​ស៊ី​នៅ​ពេល​ថ្ងៃ​នោះ​មុខ​ជា​ពើប​ប្រទះ​នឹង​សត្វ​ក្អែក​ដែល​ជា​សត្រូវ​យក​ជីវិត​គ្នា​របស់​វា ក្អែក​នឹង​ព្រួត​គ្នា​ចឹក​សម្លាប់​ចោល​មិន​ខាន ។ លុះ​ដល់​ពេល​ថ្ងៃ វា​នាំ​គ្នា​ពួន​សម្ងំ​នៅ​ក្នុង​ព្រៃ​បាត់​អស់​រហូត មក​ដល់​សព្វ​ថ្ងៃ​នេះ ៕ចប់

កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត

(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)


ចែករំលែក៖