ភ្នំពេញ៖ នៅតាមបណ្ដាវិថីតូចធំនិងផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានទាំង១៤ខណ្ឌ គឺកន្លងមករហូតដល់បច្ចុប្បន្ននេះ សាលារាជធានីភ្នំពេញបានយកចិត្តទុកដាក់ពីបញ្ហាការខូចផ្លូវ ការរលុបគំនូសសញ្ញាចរាចរណ៍ ការកកស្ទះចរាចរណ៍ និងការរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកសោភណភាពទីក្រុងភ្នំពេញផងដែរ។
ប្រតិបត្តិការលាបគំនូសសញ្ញាចរាចរណ៍នេះធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ តាមបណ្ដោយមហាវិថីព្រះនរោត្តមចាប់ពីចំណុចរង្វង់មូលវិមានឯករាជ្យរហូតដល់ចំណុចភ្លើងស្តុបជលផល ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
មន្រ្តីជំនាញបានប្រាប់ថា ដោយការមើលឃើញថានៅតាមបណ្ដោយមហាវិថីព្រះនរោត្តមចាប់ពីចំណុចរង្វង់មូលវិមានឯករាជ្យរហូតដល់ចំណុចស្តុបជលផលក្នុងមូលដ្ឋានខណ្ឌបឹងកេងកង នេះ គំនូសសញ្ញាចរាចរណ៍មានការរលុបបាត់ស្ទើរតែទាំងស្រុង ដូច្នេះមន្ទីរសាធារណការបានចាត់កម្លាំងចុះអ៊ុតគំនូសសញ្ញាជសថ្មីឡើងវិញ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការបញ្ជាយានយន្ត។
ដូច្នេះហើយទើបរដ្ឋបាលរាជធានីភ្នំពេញ បានបន្តជួសជុល អ៊ុតកៅស៊ូនិងលាបពណ៌គំនូសចរាចរណ៍បង្ហើយដើម្បីដាក់ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរងាយស្រួល មិនបង្កការកកស្ទះដូចពេលកន្លងមក៕ ដោយ៖ រ៉ារ៉ា