វៀតណាម៖ នៅថ្ងៃទី១១ ខែសីហា គណៈកម្មការទីក្រុងដាណាងបានបញ្ជាឲ្យ ថ្នាក់ដឹកនាំខណ្ឌ ឃុំ សង្កាត់ បោះពុម្ពកាតចែកចាយដល់ពលរដ្ឋ កំណត់ពេលវេលាត្រូវទៅផ្សារ ចៀសវាងប្រមូលផ្តុំគ្នាច្រើនមិនអាចទប់ស្កាត់ការឆ្លងកូវីដ-១៩បាន។
នៅរសៀលថ្ងៃទី១១ ខែសីហានេះក្រុមការងារបានដើរតាមផ្ទះដើម្បីចែកចាយកាតទៅផ្សារនៅ«ថ្ងៃគូ និងថ្ងៃសេស» ហើយគ្រួសារនីមួយៗគឺទទួលបានលិខិត (កាត)សម្រាប់ទៅផ្សារបានតែ៥ប៉ុណ្ណោះក្នុងរយៈពេល១៥ថ្ងៃ។
កាតទៅផ្សារមានប្រសិទ្ធភាពចាប់ពីព្រឹកថ្ងៃទី១២ស្អែកនេះទៅ ហើយគ្រួសារនីមួយៗមានកាតតែ៥ប៉ុណ្ណោះសម្រាប់ទៅផ្សារក្នុងរយៈពេល១៥ថ្ងៃ មានន័យថា ក្នុងពេល៣ថ្ងៃគឺទៅផ្សារម្តង។ កាតទៅផ្សារមួយសន្លឹកមានសុពលភាពតែ១លើកប៉ុណ្ណោះ។
លោក ង្វៀង វាំងសឺ ប្រធានក្រុមទី៥ ក្នុងសង្កាត់ ហៃចូល បានលើកឡើង ថា នៅក្នុងក្រុមរបស់លោកមានពលរដ្ឋ៥៣គ្រួសារ ហើយលោកបានខិតខំទៅយកកាតមកចែកឲ្យពលរដ្ឋឲ្យបានទាន់ពេល ដើម្បីព្រឹកថ្ងៃទី១២ខែសីហា បានទៅផ្សារទាន់ពេលព្រឹក។
គិតមកដល់វេលាម៉ោង១៨ ថ្ងៃទី១១ ខែសីហា គណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ-១៩ បានប្រកាសថា មានករណីឆ្លងកូវីដ-១៩ចំនួន១៦នាក់ថ្មីក្នុងរយៈពេល២៤ម៉ោង ក្នុងនោះនៅទីក្រុងដាណាងមាន១០នាក់ និង៤នាក់នៅខេត្តក្វាងណាម និង២នាក់នៅខេត្តក្វាងជី ។ មកទល់ពេលនេះវៀតណាមមានករណីឆ្លងសរុបកើនឡើងដល់ទៅ៨៦៣នាក់។ ជាមួយគ្នានោះដែរ វៀតណាមមានអ្នកស្លាប់ដោយកូវីដ-១៩កើនឡើងដល់១៥នាក់ផងដែរ៕ដោយ៖ធី រីណា