ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលរលាប និងមានការចូលរួមដោយមេភូមិសមាជិកសង្កាត់ផងបាន សហការគ្នាបង្រ្កាបករណីរក្សាទុក និងចែកចាយដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ដោយឃាត់ខ្លួនជនសង្ស័យ ១នាក់រួមទាំងវត្ថុតាងមួយចំនួន ។
ករណីបង្រ្កាបជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនខាងលើនេះ ធ្វើឡើងវេលាម៉ោង៣ និង០៥នាទី រសៀលថ្ងៃអង្គារ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះរបស់ឈ្មោះ ឆុន សុភារី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។
មន្រ្តីដែលសហការចុះបង្រ្កាបបទល្មើសនេះប្រាប់ថា មុខសញ្ញាជាជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ឆុន សុភារី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិ.សង្កាត់កើតហេតុខាងលើ ។
ប្រភពព័ត៌មានខាងលើបន្តថា ជាលទ្ធផលក្នុងការបង្រ្កាបសមត្ថកិច្ចចម្រុះបានដកហូតរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ២១កញ្ចប់ក្នុងនោះធំ ១កញ្ចប់ ជញ្ជីងសម្រាប់ថ្លឹងចំនួន ១គ្រឿង ថង់ប្លាស្ទិក ទុយយោជ័រ ដែកកេះ កាបូប កាំបិតកែច្នៃចំនួន ២ដើម ទូរស័ព្ទដៃចំនួន ៥គ្រឿង និងម៉ូតូ ១គ្រឿងផងដែរ ។
ប្រភពដដែលបន្តទៀតថា ចំពោះជនសង្ស័យ(ឆុន សុភារី) រួមទាំងឧបករណ៍ និងសម្ភារៈ ដែលជាវត្ថុតាងត្រូវនាំទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ៕
ដោយ៖ បុឹម ពិន