ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកចុះកិច្ចព្រមព្រៀងតម្លៃ​១,៥ ពាន់លានដុល្លារទិញវ៉ាក់សំាង​ប្រឆាំងកូវីដ​​-១៩​ចំនួន​១០០លានដូស

ចែករំលែក៖

អន្តរជាតិ៖ ប្រធានាធិបតី ដូណាល់ ត្រាំ​បានប្រកាសថា អាមេរិកនឹងផ្តល់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ដល់ពលរដ្ឋ ក្រោយពេល​វ៉ាក់សាំងត្រូវបាននាយកដ្ឋានគ្រប់គ្រងស្បៀងអាហារនិងឱសថ អាមេរិក(FDA) អនុម័ត ។​
ប្រធានាធិបតីដូណាល់ ត្រាំ នៅថ្ងៃទី​១១ខែសីហា បានប្រកាសថា រដ្ឋាភិបាលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញវ៉ាក់សំាងប្រឆាំងកូវីដ​-១៩​មានតម្លៃដល់ទៅ​១,៥ពាន់លានដុល្លារពីក្រុមហ៊ុនឱសថ Moderna​ របស់អាមេរិក​ ។ តាមកិច្ចព្រមព្រៀងនោះក្រុមហ៊ុននឹងផ្តល់វ៉ាក់សាំងចំនួន​១០០លានដូស ហើយវ៉ាក់សាំងទាំងនោះ ត្រូវបានចែកចាយដល់បណ្តាមន្ទីរពេទ្យនៅអាមេរិក ដោយឥតគិតថ្លៃ។
ប្រធានាធិបតី ដូណាល់ ត្រាំ ​ធ្លាប់បានលើកឡើងថា នឹងជំរុញឲ្យមានវ៉ាក់សាំង​ប្រឆាំងកូវីដ-១៩​ នៅខែវិច្ឆិកា​ ហើយពលរដ្ឋនឹងមានវ៉ាក់សាំងការពារនៅចុងឆ្នាំ​២០២០នេះ។ ប៉ុន្តែគណបក្សប្រជាធិបតេយ្យ បង្ហាញពីក្តីបារម្ភ ខ្លាចលោកត្រាំដាក់គំនាបបង្ខំឲ្យ (FDA)អនុម័តវ៉ាក់សាំងលឿនពេក ធ្វើឲ្យកម្រិតសុវត្ថិភាពមិនបានធានា​១០០ភាគរយ។
ក្នុងពេលជាមួយគ្នានេះដែរ​ ក្រោយពេលរុស្ស៊ីបានក្លាយជាប្រទេសទី១មានវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ នៅលើពិភពលោក រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាមេរិក លោក Alex Azar បានប្រកាសថា បញ្ហាគឺមិនស្ថិតនៅលើវ៉ាក់សាំងដំបូងគេបង្អស់លើពិភពលោកឡើយគឺស្ថិតនៅត្រង់ចំណុចថា វ៉ាក់សាំងនោះមានប្រសិទ្ធភាព និងសុវត្ថិភាព សម្រាប់ពលរដ្ឋ​លើពិភពលោកដែរឬទេ៕ដោយ៖ធី រីណា


ចែករំលែក៖