ខ្សែប្រយុទ្ធអន្តរជាតិជប៉ុន Takefusa Kubo របស់ក្លិប Real Madrid បានចូលរួមជាមួយ Villarreal ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល១ឆ្នាំ។ នេះបើតាមកិច្ចព្រមព្រៀងរបស់ក្លិបទាំង២ប្រកាសកាលពីម្សិលមុិញ។
ព័ត៌មាននេះកើតឡើង៥ថ្ងៃបន្ទាប់ពីសារព័ត៌មានអេស្ប៉ាញបានរាយការណ៍ថា ក្លិបទាំងពីរជិតឈានដល់កិច្ចព្រមព្រៀងគ្នាសម្រាប់កីឡាករវ័យ ១៩ឆ្នាំរូបនេះដែលបានចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការខ្ចីជើងកាលពីរដូវកាលមុននៅក្លិប Mallorca ដែលជាក្លិបចាស់របស់គេ រកបាន៤គ្រាប់ក្នុងការបង្ហាញខ្លួន៣៥ប្រកួត។
កង្វះលិខិតឆ្លងដែនសហភាពអឺរ៉ុបគឺជាបញ្ហាប្រឈមមួយដ៏ធំមួយសម្រាប់កីឡាករសញ្ជាតិជប៉ុនរូបនេះ ដោយក្លិបនៅ La Liga ត្រូវគេអនុញ្ញាតឲ្យមានកីឡាករមិនមែនសហភាពអឺរ៉ុបតែ៣នាក់ប៉ុណ្ណោះនៅក្នុងការប្រកួតរៀងៗខ្លួន ហើយ Real Madrid មានកីឡាករ Luka Jovic របស់ស៊ែប៊ីនិងកីឡាករ៣រូបរបស់ប្រេស៊ីលគឺ Eder Militao, Rodrygo និង Vinicius Junior ។
ការខ្ចីជើងនេះក្លិប Villarreal នឹងត្រូវចំណាយ ២,៥លានអឺរ៉ូ (ប្រហែល៣លានដុល្លារអាមេរិក) សម្រាប់រដូវកាលនេះហើយនឹងផ្តល់ឱកាសឱ្យកីឡាករវ័យក្មេងរូបនេះលេងនៅតំបន់អឺរ៉ុប និងធ្វើការជាមួយគ្រូបង្វឹកដែលមានបទពិសោធន៍គឺលោក Unai Emery។ គាត់គឺជាអ្នកចាត់ការក្រុម Villarreal ដែលអាចនឹងចុះហត្ថលេខានាំយកខ្សែបម្រើ Dani Parejo និង Francis Coquelin ពីក្លិប Valencia នៅប៉ុន្មានថ្ងៃខាងមុខនេះ ៕ដោយ៖ភារៈ