ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ាន់ សុភាព នាយការិយាល័យបានបង្ក្រាបជាក់ស្ដែងនូវមុខសញ្ញាជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវរថភ្លើង ក្នុងក្រុមទី១៤ ភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៤ៈ៤០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់(ស្រី១នាក់)៖ 

១-ឈ្មោះ ភោគ សំណាង ភេទប្រុស អាយុ៣២ឆ្នាំ និង២-ឈ្មោះ ពេជ្រ ចាន់ភា ភេទស្រី អាយុ២២ឆ្នាំ។

តាមចម្លើយសារភាព និងការចង្អុលបង្ហាញរបស់ជនសង្ស័យឈ្មោះ ភោគ សំណាង ភេទប្រុស អាយុ៣២ឆ្នាំ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃដដែល វេលាម៉ោង១៥ៈ២០នាទី បានបន្តចុះឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ទៀត ឈ្មោះ គឺម ដារ៉ាឌី ភេទប្រុស អាយុ២៣ឆ្នាំ នៅចំណុចផ្ទះគ្មានលេខ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយចាប់យកវត្ថុតាងរួមមាន៖

១-ម្សៅក្រាមពណ៌សថ្លាចំនួន៥កញ្ចប់,

២-ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន និង៣-សម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖