អន្តរជាតិ៖ ស្ត្រីម្នាក់ ក្រោយយចាកចេញពីមណ្ឌលចត្តាឡីស័ក ហើយរកឃើញមានផ្ទុក COVID-19 នោះ ស្រាប់តែនៅថ្ងៃទី១១ ខែសីហាម្សិលមិញនេះ រដ្ឋាភិបាលប៊ូតង់ បានបញ្ជាឲ្យបិទប្រទេសទាំងមូល ។ ហើយនេះករណីលើកដំបូង ដែលប៊ូតង់បិទប្រទេសទាំងមូលក្រោយផ្ទុះករណីឆ្លងមក។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters និយាយថារដ្ឋាភិបាលប៊ូតង់ បានបញ្ជាឲ្យបិទប្រទេសទាំងមូល បន្ទាប់ពីស្ត្រីវ័យ ២៧ឆ្នាំម្នាក់ ដែលបានចាកចេញពីមណ្ឌលចត្តាឡីស័ក ត្រូវបានគេរកឃើញថា មានផ្ទុក COVID-19 ។ មុននឹងចាកចេញពីមណ្ឌលចត្តាឡីស័ក ស្ត្រីរូបនេះ ត្រូវបានតេស្តម្តងរួចហើយ និងមានលទ្ធផលអវិជ្ជមាន។ បន្ទាប់ពីចាកចេញពីចត្តាឡីស័ក ស្ត្រីម្នាក់នេះ មានទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សមួយចំនួននៅក្នុងទីក្រុងធីមភូ។
រដ្ឋាភិបាលប៊ូតង់ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងថា៖ «ការបិទប្រទេសមិនធ្លាប់មានពីមុនមកនេះ គឺជាការចាប់បង្ខំដើម្បីកំណត់ និងដាក់ដាច់ដោយឡែកករណីដែលមានផ្ទុកវិជ្ជមានទាំងអស់ និងបំបែកខ្សែចង្វាក់នៃការឆ្លង»។
ក្នុងសេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ថា សាលារៀន, វិទ្យាស្ថាន, ការិយាល័យជាដើម នឹងនៅតែបន្តបិទ ចំណែកការប្រលងមួយចំនួននឹងត្រូវលើកពេល។ បន្ថែមពីលើនេះ ប្រជាជនប៊ូតង់ ត្រូវស្នាក់នៅផ្ទះបណ្តោះអាសន្នសិន។ ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋាភិបាល បានរឹតត្បិតការធ្វើដំណើររបស់ប្រជាជនទាំងអស់នៅទូទាំងប្រទេស។
គួររំលឹកថា នាខែមីនាកន្លងទៅ ប៊ូតង់ បានរាយការណ៍ថា មានករណីCOVID-19 លើកដំបូងមកពីបរទេស។ ហើយរដ្ឋាភិបាលប៊ូតង់ បានផ្អាកវិស័យទេសចរណ៍ នៅក្នុងខែមីនា និងបញ្ជាឲ្យប្រជាជនខ្លួន ដែលចូលមកក្នុងប្រទេសវិញ ត្រូវតែដាក់ចត្តាឡីស័ករយៈពេល ៣សប្តាហ៍។
សូមជម្រាបថា កន្លងមកប៊ូតង់ ក៏បានដាក់កាមេរ៉ាវាស់កម្តៅ ការធ្វើតេស្ត និងបិទព្រំដែនជាដើម ដើម្បីទប់ស្កាត់ការរាតត្បាតនៃCOVID-19។ការឃាមឃាត់ភ្ញៀវទេសចរ ចូលមកស្រុក បានបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង លើវិស័យទេសចរណ៍ ដែលមានចំណូលជាង ៨០លានដុល្លារ ជារៀងរាល់ឆ្នាំក្នុងរយៈ៥ឆ្នាំចុងក្រោយនេះ។
បើគិតមកត្រឹមថ្ងៃទី១១ ខែសីហាម្សិលមិញនេះ ប៊ូតង់ មានករណីឆ្លងសរុបចំនួន ១១៣ករណី និងមិនមានករណីស្លាប់។ ចំណែកអ្នកជាសះស្បើយមានចំនួន ៩៧នាក់៕ដោយ៖ស តារា