ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ កម្លាំងយោធភូមិភាគទី៥ បានចូលរួមសង្គ្រោះប្រជាពលរដ្ឋក្នុងឧបទ្ទវហេតុបាក់ដងសន្ទូច ក្នុងក្រុងប៉ោយប៉ែត ដែលបានបណ្តាលឱ្យមនុស្សស្លាប់ និងរបួស

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖  យ៉ាងហោចណាស់មនុស្ស៥នាក់បានស្លាប់ និងមនុស្ស៥នាក់ផ្សេងទៀត បានរងរបួសធ្ងន់ធ្ងរ នៅក្នុងហេតុការណ៍បាក់ដងសន្ទូច សង្កត់ប្រជាពលរដ្ឋ នៅក្នុងការដ្ឋានសំណង់អគារមួយកន្លែង ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១:២០នាទីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ។

បន្ទាប់ពីទទួលបានដំណឹង កម្លាំងរបស់យោធភូមិភាគទី៥ បានចូលរួមជួយសង្គ្រោះក្នុងហេតុការណ៍នោះ ដែលដឹកនាំដោយឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥និងជាមេបញ្ជាការទិសទី១ខេត្តបន្ទាយមានជ័យ និង វរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការស្តីទី កងពលតូចថ្មើរជើងលេខ៥១ ដោយប្រើប្រាស់កម្លាំងវរសេនាតូចថ្មើរជើង៥១៣ ចំនួន៨០នាក់ និងកម្លាំងរបស់ផ្នែកសឹករងក្រុងប៉ោយប៉ែតចំនួន៣៥នាក់ ដោយសហការជាមួយ កម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋានក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ។

ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការងយោធភូមិភាគទី៥ និងជានាយសេនាធិការ បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ៣រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ដងស្ទូចដុំបន្ទះបេតុង ប្រវែងប្រមាណ៤០ម៉ែត្រ កំពុងប្រតិបត្តិការស្ទូចបន្ទះដុំបេតុងទំងន់៧តោន បណ្ដាលឱ្យធ្លាក់លើផ្ទះប្រជាពលរដ្ឋខណ:ដែលកំពុងសម្រាកជុំគ្នាបណ្ដាលឲ្យប្រជាពលរដ្ឋបាត់បង់ជីវិតចំនួន៥នាក់ និងរបួស៥នាក់ ដែលហេតុការណ៍នេះបានកើតឡើងនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។

សូមបញ្ជាក់ថា ជនរងគ្រោះដែលបាត់បង់ជីវិតទាំង៥នាក់ ក្នុងហេតុការណ៍នេះមានទី១ឈ្មោះ ឈាន ហុង ភេទស្រី, ទី២ ឈ្មោះ យាយ ឡឹក ភេទស្រី, ទី៣ សេង មុយគា ភេទស្រី, ទី៤ឈ្មោះ ចៅ លី ភេទស្រី និងទី៥ ឈ្មោះ ដឹម សុខណាក់ ភេទស្រី៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖