នៅថ្ងៃទី១៣ខែសីហានេះកម្លាំងប៉ូលិសប្រឆាំងបាតុកម្មប្រទេសបេឡារូស(Belarus)បានចាប់ខ្លួនបាតុករបន្ថែម ៧០០នាក់ទៀត នៅក្នុងបាតុកម្មថ្ងៃទី៤ ក្នុងប្រទេសនេះក្រោយការបោះឆ្នោតប្រធានាធិបតី។
ក្រសួងមហាផ្ទៃនៃប្រទេសបេឡារូស បានបញ្ជាក់ថា បានចាប់ខ្លួនបាតុករ៧០០នាក់ធ្វើបាតុកម្មខុសច្បាប់និងបង្កអំពើហិង្សា។ កម្លាំងប៉ូលិស ១០៣នាក់បានរងរបួសដោយសារតែការបង្កហិង្សាពីបាតុករ ក្នុងនោះមាន ២៨នាក់ត្រូវបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ ចាប់តាំងពីផ្ទូះបាតុកម្មប្រឆាំង លទ្ធផលបោះឆ្នោត នៅថ្ងៃទី ៩ខែសីហាមក។
លទ្ធផលបោះឆ្នោតជាផ្លូវការបង្ហាញឲ្យឃើញថា ប្រធានាធិបតី Alexander Lukashenkoទទួលបានជ័យជម្នះក្នុងការបោះឆ្នោតដោយទទួលបានការគាំទ្រដល់ទៅ៨០ភាគរយ។ ក្នុងពេលជាមួយគ្នានោះ គូប្រជែងរបស់លោក Lukashenko គឺលោកស្រី Svetlana Tikhanovskaya មិនទទួលស្គាល់លទ្ធផលបោះឆ្នោត នោះឡើយ។
ប្រធានាធិបតី Lukashenko បានបញ្ជាក់ថា ក្រុមបាតុករទទួលរងឥទ្ធិពលពីខាងក្រៅ បង្កអសន្តិសុខនៅក្នុងសង្គម។ នៅក្នុងបាតុកម្មថ្ងៃទី៣កន្លងមក កម្លាំងប៉ូលិសបានចាប់ខ្លួនបាតុករ២០០០នាក់ ដែលចូលរួមធ្វើបាតុកម្មខុសច្បាប់ហើយបង្កអំពើហិង្សាប៉ះបាល់ដល់សន្តិសុខក្នុងសង្គម៕ដោយ៖ធី រីណា