ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីមេម៉ាយដែលកូនបង្កើតដុតផ្ទះឆេះអស់ត្រូវបាន មេបញ្ជាការកងទ័ពជើងគោក ជួយឧបត្ថម្ភ និងសាងសង់ផ្ទះថ្មីជូន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រីបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ព្រមទាំងជួយសាងសង់ផ្ទះថ្មី ដល់ជនរងគ្រោះម្នាក់ដោយអគ្គិភ័យឆាបឆេះផ្ទះអស់ទាំងស្រុង ដោយសារកូនបង្កើតមានសតិមិនគ្រប់យកភ្លើងមកដុត កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ កន្លងទៅ។  

អំណោយនេះត្រូវបាន ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទី១ ខេត្តបន្ទាយមានជ័យ ព្រមទាំងឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងលោកវរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការស្ដីទីកងពលតូចថ្មើរជើងលេខ៥១ រួមជាមួយក្រុមការងារកងពល បាននាំយកទៅប្រគល់ជូនជនរងគ្រោះ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងចូលរួមសោកស្តាយពីសំណាក់ឧត្តមសេនីយ៍ហ៊ុន ម៉ាណែត និងលោកស្រីចំពោះហេតុការណ៍ភ្លើងឆេះនេះ។

លោកបន្ថែមថា ថវិកា និងសម្ភារទាំងនេះ គឺជាការចូលរួមចំណែក ក្នុងការជួយដោះស្រាយនូវ ការលំបាកខ្វះខាត ខណៈកំពុងរងគ្រោះបានមួយរយៈពេលនេះ។ ចំពោះផ្ទះថ្មីដែលជាការឧបត្ថម្ភរបស់ ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត និងលោកស្រី តាមរយៈលោកវរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការស្ដីទីកងពលតូចថ្មើរជើងលេខ៥១ នឹងត្រូវសាងសង់ជូនបន្ទាប់ពីទឹកជំនន់ស្រកមកធម្មតាវិញ។

សូមបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ព្រំ គឿម អាយុ៦៨ឆ្នាំ ជាស្ត្រីមេម៉ាយក្រីក្រ មានកូនស្រី១នាក់ មានសតិមិនគ្រប់ និងចៅ១នាក់ នៅក្នុងបន្ទុក រស់នៅភូមិឬស្សីខាង ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ករណីភ្លើងឆេះខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ បណ្ដាលឱ្យមានការឆេះផ្ទះអស់១ខ្នងផ្ទះ និងទ្រព្យសម្បត្តិទាំងស្រុង តែមិនបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សនោះទេ ហើយបច្ចុប្បន្នក្រុមការងាររបស់កងពលតូចថ្មើរជើងលេខ៥១ បានរៀបចំកន្លែងបណ្តោះអាសន្នជូនពួកគាត់សម្រាក៕ដោយ៖សូរិយា


ចែករំលែក៖