ខេត្តសៀមរាប៖ បើយោងតាមប្រភព Heritages Diary- បេតិកភណ្ឌប្រចាំថ្ងៃបានឱ្យដឹងថា៖ (ភ្នំបូក) ជាទីតាំងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិបំផុតនៅលើភ្នំបូក គឺប្រាសាទចំនួនពីរ ដែលនៅចំពីលើដំបូលនៃប្រាសាទនីមួយៗ មានដើមចំប៉ា អាយុកាលយូរឆ្នាំដុះលើនោះ។ នៅខែមេសា រៀងរាល់ឆ្នាំ គេអាចទៅមើលផ្កាចំប៉ាពណ៌.ស នៅទីនោះ។ ទីតាំងប្រវត្តិសាស្ត្រ មួយទៀតនៅលើភ្នំបូក គឺលឹង្គ ព្រះឥសូរធ្វើពីថ្មភក់ដែលមានកំពស់ ០៤ ម៉ែត្រ និងមុខកាត់ ០១ ម៉ែត្រ ហើយធំជាងគេបំផុតនៅប្រទេសកម្ពុជា ដែលដូនតាខ្មែរបានកសាង។ គេដំណាលថា លឹង្គនេះ ត្រូវបានដកយកចេញពីយោនីធ្វើពីថ្មបាយក្រៀម និងដាក់នៅក្បែរនោះ កាលពីសម័យបារាំងគ្រប់គ្រងកម្ពុជា។ ទីតាំងមួយទៀតដែលគេមិនអាចភ្លេចបាន នៅលើភ្នំបូកគឺ ជាកន្លែងដែលអាចមើលឃើញបារាយណ៍ ភ្នំបាខែង ប្រាសាទនាគព័ន្ធ ប្រាសាទប្រែរូប ភ្នំគូលែន បឹងត្រាវកុដ (ភោជនីយដ្ឋានកែច្នៃ) ភ្នំក្រោម ភ្នំដី។ អ្នកស្រុកតែងតែមកបន់ស្រន់បារមីស័ក្តសិទ្ធិរបស់លោកតាប៉ោង នៅជើងភ្នំ និងលោកតាព្រហ្មនៅលើភ្នំដើម្បីសុំសេចក្តីសុខ។
អ្នកស្រុកដែលរស់នៅទីនោះ គេចផុតពីការកាប់សម្លាប់នៅក្នុងអំឡុងពេល នៃរបបប្រល័យពូជសាសន៍ប៉ុល ពត បាននិទានថា មានកងទ័ពខ្មែរក្រហមបានលើកគ្នាឡើងទៅលើភ្នំបូក ក្នុងគោលបំណងវាយកំទេចព្រះវិហារវត្ត ដែលបានកសាងនៅឆ្នាំ១៩៦២ នៅលើភ្នំនោះ។ លុះពេលទៅដល់ មានពស់នាគរាជយ៉ាងធំពីរក្បាលបានបង្ហាញខ្លួននៅត្រង់ទ្វារចូលព្រះវិហារវត្តនោះ ហើយកងទ័ពខ្មែរក្រហមក៏បានរត់ចេញមកវិញ ដោយមិនបានវាយកំទេចវត្តនោះ និងស្ថិតស្ថេរមកដល់បច្ចុប្បន្ននេះ។ អ្នកស្រុកមានជំនឿថា ជានាគរាជបារមីមើលថែរក្សាវត្តនៅទីនោះ។
ភ្នំបូក មានកម្ពស់ ២៧០ ម៉ែត្រ។មានប្រជាពលរដ្ឋនិយមមកហាត់ប្រាណឡើងលើភ្នំ (៦៣០កាំជណ្តើរ)។ ភ្នំបូកស្ថិតនៅភូមិតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ភ្នំបូកស្ថិតនៅមិនឆ្ងាយពីព្រះដាក កន្លែងដែលល្បីថាមាននំបញ្ចុកឆ្ងាញ់ ផ្លូវទៅកាន់ភ្នំបូកមានក្រាលកៅស៊ូ។
ក្រុមការងារថតនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ និងសូមជូនពរអ្នកអានគ្រប់រូបនូវសុខភាពល្អ និងសុភមង្គល៕
ដោយ៖ សិលា