ភ្នំពេញ៖ ក្រៅពីការងារហ្វឹកហ្វឺនរៀនសូត្រ និងអនុវត្តន៍ភារកិច្ចស្នូល យោធិន នៃអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ បានឆ្លៀតរៀនពីវិធីផលិតសាប៊ូលាងចាន ដើម្បីផលិតប្រើប្រាស់ក្នុងអង្គភាព និងចែកជូនតាមបណ្តាកងឯកភាពចំណុះ យកទៅប្រើប្រាស់ជាប្រចាំថ្ងៃផងដែរ។
មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៣ លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី បានឱ្យដឹងថា៖ ដើម្បីធានាសុខុមាលភាពរបស់កងទ័ព គឺមិនត្រូវពឹងផ្អែកតែលើការទិញផលិតផលពីខាងក្រៅទាំងស្រុងនោះទេ។ លោកថាអនុវត្តន៍តាមផែនការរបស់កងពល អង្គភាពត្រូវផលិតបន្លែ ត្រី សាច់គ្រប់ប្រភេទដើម្បីផ្គត់ផ្គង់ទ័ពក្នុងអង្គភាព បន្ថែមពីនេះទៀតគឺមានផលិតផលសាប៊ូលាងចានដែលជាស្នាដៃផលិតដោយកងទ័ពផ្ទាល់ ហើយអាចធានាបានទាំងគុណភាព សុវត្ថិភាព ចំពោះសុខុមាលភាពអ្នកប្រើប្រាស់។
លោកបានបញ្ជាក់ឱ្យដឹងថា ៖ ការកែច្នៃផលិតសាប៊ូលាងចាននេះ គឺជាគំនិតច្នៃប្រឌិតថ្មីមួយ បន្ថែមលើការងារច្នៃប្រឌិតមួយចំនួន ដែលបច្ចុប្បន្នអង្គភាពនេះមានជារោងជាងសិប្បកម្មផលិតឥដ្ឋ ផលិតកញ្ចុះ ការកែច្នៃសំបកកង់ឡានធ្វើជារបស់ប្រើប្រាស់ និងការដាំដុះបង្កបង្កើនផល ចិញ្ចឹមសត្វ រួមទាំងកិច្ចការផ្សេងៗមួយចំនួនទៀត។
សូមបញ្ជាក់ថា ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក ធ្លាប់មានប្រសាសន៍លើកឡើងពីជួរកងទ័ព មិនត្រឹមការងារហ្វឹកហ្វឺនជំនាញនោះទេ ត្រូវឆ្លៀតពេលបង្កបង្កើនផល ព្រមទាំងមានសមត្ថភាពសាមគ្គី ប្តូរបទពិសោធន៍ ពង្រីកធនធានមនុស្ស ដើម្បីតម្រូវការប្រើប្រាស់ឱ្យអស់លទ្ធភាព ជូននៅក្នុងអង្គភាព កាន់តែមានការវិវឌ្ឍន៍៕ដោយ៖ សិលា