ខេត្តសៀមរាប៖ នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ស្ថានភាពចរាចរណ៍ក្នុងខេត្តមានភាពមមាញឹកដោយសារបងប្អូនប្រជាពលរដ្ឋតាមបណ្ដាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរមកលេងក្នុងខេត្តសៀមរាប ព្រោះជាថ្ងៃសម្រាកចុងសប្តាហ៍ គួបនឹងថ្ងៃសម្រាកដែលរាជរដ្ឋាភិបាលបាន
អនុញ្ញាតឲ្យមន្ត្រីរាជការ និយោជិត កម្មករ ឈប់សម្រាកការងារពីថ្ងៃទី១៧ ទី១៨ ទី១៩ ទី២០ និងទី២១ ខែសីហា ឆ្នាំ២០២០ ដើម្បីសងការឈប់សម្រាក របស់មន្ត្រីរាជការ និយោជិត កម្មករ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំជូត ទោស័កដែលត្រូវបានលើកដោយអនុក្រឹត្យលេខ៥០ អនក្រ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។
រដ្ឋបាលខេត្តសៀមរាប បានរម្លឹកថា៖ ទន្ទឹមនឹងនេះសូមកុំភ្លេច និងត្រូវចងចាំនូវ ៣ចំណុចដូចខាងក្រោម ដេីម្បីការពារ និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ៖
១-កុំភ្លេចត្រៀមម៉ាស់ ឬក្រមា
២-កុំភ្លេចជែល ឬអាល់កុលលាងដៃ (យើងបានត្រៀមសាប៊ូលាងដៃជូននៅតាមទីសាធារណៈផងដែរ)
៣-កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាតត្បាតនៃជំងឺកូវីដ-១៩)៕
ដោយ៖ សិលា