ភ្នំពេញ៖ សម្តេចតេជោអំពាវនាវសារជាថ្មីដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ គួររៀបចំកម្ចីឥណទានឡើងវិញចំពោះប្រជាពលរដ្ឋដែលកំពុងជួបផលលំបាកក្នុងអំឡុងពេលដែលប្រទេសជាតិទាំងមូលកំពុងប្រឈមនឹងជំងឺឆ្លងកូវីដ-១៩ ដើម្បីធានាការដោះស្រាយជីវភាពឬការយកទៅទ្រទ្រង់ក្នុងអាជីវកម្ម។
សម្តេចថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញទស្សនកិច្ចនិងបើកសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» របស់លោកឧកញ៉ា លី យ៉ុងផាត់ស្ថិតនៅសង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វារាជធានីភ្នំពេញនៅព្រឹក ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២០នេះ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សម្តេចបានស្នើឲ្យក្រសួងសេដ្ឋ និងហិរញ្ញវត្ថុបន្តធ្វើការជាមួយធនាគារ រៀបចំឥណទានសារជាថ្មីចំពោះអ្នកជំពាក់ប្រាក់ទាំងអស់ ដោយកុំមានការរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេ និងរៀបចំនូវកម្ចីឥណទានឡើងវិញ។ទន្ទឹមនឹងនេះ សម្តេចតេជោបញ្ជាក់ថា សម្តេចមិនចង់ឃើញគ្រឹះស្ថានឯកជនណាមួយដួលរលំនោះឡើយ ដោយត្រូវខិតខំអភិវឌ្ឍសមត្ថភាពឬមានភាពបត់បែននៅក្នុងស្ថានភាព វិបត្តិជំងឺកូវីដ-១៩នេះ។
សម្តេចបាន «អំពាវនាវ ឲ្យមីក្រូហរិញ្ញាវត្ថុ ឲ្យធនាគារមានការយោគយល់ចំពោះអ្នក ដែលបានជំពាក់ប្រាក់ ហើយរៀបចំឥណទានឡើងវិញ រហូតដល់រាប់សិបម៉ឺនគ្រួសារ រៀបចំឥណទានឡើងវិញ ប៉ុន្តែនៅពេលយើងទន់ភ្លន់ កំពុងតែអំពាវនាវ កុំឲ្យមានការរឹបអូស ក្នុងដំណាក់ការកូវីដ ឲ្យមានការអធ្យាស្រ័យ យោគយល់ ពីសំណាក់ធនាគារ និងស្ថាប័នមីក្រូហរិញ្ញាវត្ថុ ។ បែរជាមានចលនាពីក្រៅប្រទេស រុញឲ្យអ្នកនៅក្នុងប្រទេសធ្វើកិច្ចការ២ ។
កិច្ចការទី១ -ចលនាឲ្យអ្នកនៅក្នុងប្រទេស ទៅដកលុយពីធនាគារ ដើម្បីឲ្យធនាគារកម្ពុជាដួលរលំនេះជាចលនាទី១។
ឯចលនាទី២ -ចលនាកុំឲ្យប្រជាពលរដ្ឋខ្មែរ ដែលជំពាក់ធនាគារ និងមីក្រូហរិញ្ញាវត្ថុ សងលុយពីធនាគារ និងមីក្រូហរិញ្ញាវត្ថុ ចឹងដើម្បីជាការឆ្លើយតប និងជាការព្រមានបានប្រកាសថា បើអ្នកណាមួយធ្វើតាមមេបក្ស អតីតមេបក្សមេឧទ្ទាមមិនព្រមសងលុយធនាគារ មិនព្រមសងលុយមីក្រូហរិញ្ញាវត្ថុលើកទឹកចិត្តឲ្យមានការរឹបអូស ឥឡូវស្ងាត់ឈឹង។
សម្តេចបន្តថា៖ ឥឡូវខ្ញុំនិយាយដដែល ខ្ញុំសុំអង្វរករធនាគារ សុំអង្វរករមីក្រូហរិញ្ញាវត្ថុ យោគយល់ ចំពោះការលំបាក ក្នុងការសងប្រាក់ទៅកាន់ធនាគារ ហើយអំពាវនាវ ឲ្យមានការរៀបចំឥណទានឡើងវិញ »៕
ប្រភព៖ AKP