ព័ត៌មានទាន់ហេតុការណ៍៖

សម្លាប់បងថ្លៃគេចខ្លួនបាន១ឆ្នាំ ប៉ុនប៉ងសម្លាប់ឪពុកបង្កើតទៀត ជាប់ខ្នោះល្មម

ចែករំលែក៖

      ខេត្តពោធិ៍សាត់ ៖ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ប្រើអំពើហឹង្សាដោយចេតនាប៉ុនប៉ងកាប់ឪពុកបង្កើត ហើយពេលសមត្ថកិច្ចឃាត់បានយកទៅសួរនាំទើបដឹងថាជននេះជាឃាតក សម្លាប់បងថ្លៃកាលពី១ឆ្នាំមុនសោះ ។

 ករណីឃាត់ខ្លួនជនសង្ស័យជាឃាតកនិងបង្កហិង្សាដោយចេតនាប៉ុនបងកាប់ឪពុកបង្កើតនេះ បានអនុវត្តឡើងនៅវេលាម៉ោង៧ និង៤៥នាទី ព្រឹកថ្ងៃទិត្យ ១២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវចូលបឹងរំលេច ស្ថិតនៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

 លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងប្រាប់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីហឹង្សាកូនកាប់ឪពុកបង្កើតនេះ ឈ្មោះ សាគុណ ចាន់តារា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ។ រីឯឪពុកបង្កើតឈ្មោះ ព្រហ្ម សាគុណ អាយុ ៦៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានរងរបួស១កាំបិត(របួសស្រាល) ។

 លោក អធិការបន្តទៀតថា ជនសង្ស័យឈ្មោះ សាគុណ ចាន់តារា ក្រោយសមត្ថកិច្ចរបស់លោកឃាត់ខ្លួនក៏បាននាំយកទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកទើបបែករឿងរ៉ាវថាជននេះមានដីកាបង្គាប់ឲ្យនាំខ្លួន ជាប់ពាក់ព័ន្ធករណីឃាតកម្មសម្លាប់បងថ្លៃនៅខេត្តសៀមរាប កាលពី១ឆ្នាំកន្លងទៅនេះសោះ ហើយក៏បានកសាងសំណុំរឿងដើម្បីបន្តនីតិវិធី ។

 លោ អធិការបញ្ជាក់បន្ថែមទៀតថា យោងតាមដីកាបង្គាប់ឲ្យឃាត់ខ្លួនលេខ៤៧៣ នខស/ឃ ចុះថ្ងៃពុធ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ចេញដោយចៅក្រមស៊ើបសួរលោក ជូ លឹមហ៊ាង នៃសាលាដំបូងខេត្តសៀមរាបបានចោទប្រកាន់ជនជាប់ចោទរូបនេះពីបទឃាតកម្ម ដែលបានប្រព្រឹត្តឡើងនៅភូមិតាគង់ សង្កាត់សំបួរ ក្រុង.ខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ៕

ដោយ៖បុឹម ពិន


ចែករំលែក៖