ភ្នំពេញ៖ យោងតាមការដកស្រង់ចេញពីសៀវភៅរុក្ខជាតិឱសថកម្ពុជារបស់ក្រសួងសុខាភិបាល បានសរសេរថា ត្រកួន ជាបន្លែដែលយកធ្វើម្ហូបបានច្រើនប្រភេទ ហើយងាយស្រួលដាំដុះក្នុងព្រៃ បឹង និងលើដី។ មិនតែប៉ុណ្ណោះ បន្លែត្រកួននេះ វាមានសារៈសំខាន់បំផុតនោះ គឺជាឱសថសម្រាប់ព្យាបាលនិងបន្សាបការពុលអាហារ ពុលផ្សិតព្រៃ ធ្លាក់ឈាមឫសដូងបាត ឈាមច្រមុះ ក្អកធ្លាក់ឈាម ស្បែកពងខ្ទុះផងដែរ។
យោងតាមប្រភពដដែលបន្តថា ត្រកួន ជាប្រភេទវល្លិទឹកម្យ៉ាងរស់នៅបាន១ឆ្នាំ ដុះកប់ភក់ ឬអណ្ដែតទឹកដើមថ្លោសរលោងប្រហោងក្នុងនិងមានឫសតាមថ្នាំងជាដើម ។
គួរបញ្ជាក់ថា ប្រសិនបើមានករណីពុលអាហារ គេយកត្រកួនទាំងឫស ៥០–១០០ក្រាម ពូតយកទឹកពិសា ឬស្ងោរសណ្ដែកបាយ១២០ក្រាម និងវល្លិអែម៣០ក្រាមផឹកបន្ថែមកាន់តែល្អ។ រីឯ អ្នកនោមឈាម ឫសដូងបាតឈាម ត្រូវយកត្រកួនស្រស់៥០០ក្រាមបុកពូតយកទឹកលាយជាមួយទឹកឃ្មុំផឹក ក៏អាចព្យាបាលបានដែរ ៕
ដោយ៖សហការី