ព័ត៌មានទាន់ហេតុការណ៍៖

អភិបាល​ខេត្ត​ព្រះសីហនុ​ អរគុណ​ដល់​អាជីវករ​ដែល​បាន​ដាក់​ស្លាក​តម្លៃ​ទំនិញ​តាម​ការ​ណែនាំ​បាន​យ៉ាង​ល្អ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោក​ គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ​ បាន​ថ្លែង​អំណរគុណ​ចំពោះ​អាជីវករ​ដែល​បាន​ដាក់​ស្លាក​តម្លៃទំនិញតាមការណែនាំបានយ៉ាងល្អប្រសើរ​ ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ក្នុង​អំឡុង​ពេល​ថ្ងៃ​ឈប់​សម្រាក ​រយៈ​ពេល​វែង​ដែល​ជាថ្ងៃឈប់​សម្រាកសង​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​នេះ។

យោងតាមរយៈផេកហ្វេសប៊ុករបស់ លោក គួច ចំរើន បាន​សរសេរ​ថា «សូម​អរគុណ​ ចំពោះ​អាជីវករ​យើង​ដែល​បាន​ដាក់​ស្លាក​តម្លៃ​ទំនិញ​តាម​ការ​ណែនាំ​បាន​យ៉ាង​ល្អ​ និងសូមជូនពរ​ឲ្យ​រកស៊ី​មាន​បាន​ ហើយរីករាយ​ថ្ងៃ​ឈប់​សម្រាក​ មានសុវត្ថិភាព​ពេល​ធ្វើដំណើរ​ »។

ជាមួយគ្នា​នេះ​ដែរ​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​ ក៏​បាន​បង្ហាញ​គោលដៅតំបន់​ទេសចរណ៍ក្នុង​ខេត្ត​ព្រះសីហនុ​សម្រាប់​ភ្ញៀវ​ទេសចរទៅទស្សនា​កម្សាន្ត​ផង​ដែរ​ក្នុង​នោះ​រួមមាន ១- តំបន់​ឆ្នេរ៩ ក្នុង​ក្រុង​ព្រះសីហនុ។ ​ ២- កោះ​ទាំង៣២ក្នុង​ខេត្ត​ព្រះសីហនុ។  ៣- តំបន់​ឆ្នេរ​តា​បារាំង ឆ្នេរ​ព្រៃ​ត្រែង ស្រុក​ស្ទឹងហាវ  ៤- រមណីយដ្ឋាន​លើ​ភ្នំ​ខាងក្រោយ​សាលា​ស្រុក​ព្រៃនប់ ។ ៥- ស្ពាន​ទឹកសាប ស្រុក​ព្រៃនប់។  ៦- រមណីយដ្ឋាន​ទឹក​ធ្លាក់​ក្បាល​ឆាយ សង្កាត់១ ក្រុងព្រះសីហនុ  ៧- ឧទ្យាន​ជាតិ​គិរីរម្យ ស្រុក​កំពង់​សីលា  ៨- ឆ្នេរ​មាស​ឆ្នេរ​ប្រាក់ ឧទ្យាន​ជាតិ​រាម ស្រុក​ព្រៃនប់  ៩-ស្ពាន​ឆ្លង​ទៅ​កោះពស់​ នៅ​ក្នុង​សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ១០- ទឹក​ធ្លាក់​ថ្ម​រូង ស្រុក​កំពង់​សីលា  ១១- ព្រៃ​កោងកាង​ កោះ​ខ្យង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់  ១២- ពយ​ជំទាវ​ម៉ៅ  ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់  ១៣- ក្បាល​ហុង​ព្រែក​ចាក ឃុំ​រាម ស្រុក​ព្រៃនប់  ១៤- កម្សាន្ត​ទឹក​ធ្លាក់​របស់​លោក លូ គឹមឈុន នៅ​ស្រុក​ព្រៃនប់  ១៥- ទឹក​ធ្លាក់​នាងនួន ឃុំ​កំពង់​ចិន ស្រុក​ព្រៃនប់ ផ្លូវជាតិលេខ៣ ឆ្ពោះ​ទៅ​កាន់​ខេត្ត​កំពត  ១៦- ព្រៃ​កោងកាង ជំពូរ​ខ្មៅ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់  ១៧- ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​ខាងត្បូង (ថ្មរូង) ស្រុក​កំពង់សិលា៕

តំបន់ទេសចរណ៍ជាច្រើននៅខេត្ដព្រះសីហនុជាទីកន្លែងដ៏ស្រស់ស្អាតសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកម្សាន្តផងដែរ៕

ដោយ៖អរុណរះ


ចែករំលែក៖