ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួននារីម្នាក់និងដកហូតថ្នាំញៀន៩កញ្ចប់

ចែករំលែក៖

    ខេត្តកណ្ដាល​៖ នារីម្នាក់ក្នុងចំណោមបក្ខពួក៥នាក់ ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលត្រើយស្លាធ្វើការឃាត់ខ្លួន ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងដកហូតថ្នាំញៀនចំនួន៩កញ្ចប់យកមកអធិការដ្ឋាននគរបាលស្រុកចាត់ការតាមច្បាប់។ការបង្ក្រាបនេះបានធ្វើឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១០និងនិង៣០នាទីព្រឹក នៅចំណុចរោងចាំចម្ការស្វាយមិនស្គាល់ម្ចាស់ ស្ថិតក្នុងភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

     លោកវរសេនីយ៍ត្រី​ ពុយ ទ្រី​ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លាបានឲ្យដឹងថា ជនសង្ស័យមានគ្នា៥នាក់ តែចាប់ខ្លួនបានម្នាក់ឈ្មោះ ម៉ៅ សាម៉េង ហៅឈីង ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ មានទីលំនៅភូមិក្បាលកោះលិច ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកជនសង្ស័យ៤នាក់ទៀតដែលរត់គេចខ្លួន ទី១-ឈ្មោះ ឈឿន ពិសី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល, ទី២-ឈ្មោះ.ភ័ក្រ ភេទប្រុស អាយុប្រហែល២០ឆ្នាំ មិនស្គាល់ទីលំនៅ និងជនសង្ស័យទី៣និងទី៤មិនស្គាល់អត្តសញ្ញាណ។ ដោយឡែកវត្ថុតាងដកហូតបានមាន: ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន៩កញ្ចប់តូច,​ម៉ូតូចំនួន១គ្រឿង,​ទូរស័ព្ទ១គ្រឿង និងឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

     លោកនាយប៉ុស្តិ៍បានឲ្យដឹងថា នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ក្រោយពីទទួលបានព័ត៌មានថា មានករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះ​ លោកក៏បានដឹកនាំកម្លាំងប៉ុស្តិ៍ចុះដល់ចំណុចកើតហេតុបានឃាត់ខ្លួននារីសង្ស័យឈ្មោះម៉ៅ សាម៉េង ហៅឈីង​ បានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន(ម៉ាទឹកកក)ចំនួន៩កញ្ចប់តូចនៅក្នុងខ្លងម្សៅពណ៌ផ្កាឈូក រួចក៏បាននាំខ្លួន រួមទាំងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលត្រើយស្លា ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ 

ចំណែកជនសង្ស័យ៤នាក់ទៀត ដែលរត់គេចខ្លួននោះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីចាត់ការបន្ត៕ស្អាង ជ័យ


ចែករំលែក៖