ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេសអាមេរិក ក្រោយបរាជ័យម្ដងរួចហើយ ខ្លួនប្រកាសថានឹងទៅទីស្នាក់ការកណ្តាល UN ដោយផ្ទាល់ ដើម្បីស្វែងរកការពន្យារពេលដាក់ទណ្ឌកម្មលើអ៉ីរ៉ង់

ចែករំលែក៖

អន្តរជាតិ៖ បើតាមប្រភពពីមន្ត្រីកាទូតរបស់អង្គាការ UN ដកស្រង់ចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធទី១៩ខែសីហា ឆ្នាំ២០២០នេះថា លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីស្នាក់ការកណ្តាលនៃអង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍ ទី២០ សីហាស្អែកនេះ ក្នុងគោលបំណងស្វែងរកការគាំទ្រពីក្រុមប្រឹក្សាសន្តិសុខអន្តរជាតិ ដើម្បីពន្យារការដាក់ទណ្ឌកម្មសព្វាវុធលើប្រទេសអ៉ីរ៉ង់

លោក រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ នៅក្នុងដំណើរទស្សនកិច្ចខាងលើនេះ ទំនងជានឹងជួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំអង្គការសហប្រជាជាតិ គឺលោក Dian Triansyah Djani ដែលជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខនាពេលបច្ចុប្បន្ន ដើម្បីដាក់ពាក្យបណ្តឹងទាមទាឲ្យក្រុមប្រឹក្សាដ៏មានឥទ្ធិពលមួយនេះ ពិចារណាដាក់ទណ្ឌកម្មឡើងវិញទៅលើប្រទេសអ៉ីរ៉ង់ ដែលសហរដ្ឋអាមេរិកចោទប្រកាន់ថា មិនបានគោរពរកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បើទោះបីជាទីក្រុងវ៉ាស៊ីនតោនខ្លួនឯង បានដកចេញខ្លួនចេញពីកិច្ចព្រមព្រៀងនេះតាំងពីឆ្នាំ២០១៨ ហើយក៏ដោយនោះ។

សូមជម្រាបថា លោក Mike Pompeo ក៏នឹងជួបជាមួយនឹងប្រធានអង្គការសហប្រជាជាតិលោក Antonio Guterres ផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រទី ១៤សីហា ឆ្នាំ២០២០ កន្លងទៅនេះក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ បាន បោះឆ្នោតប្រឆាំងសេចក្តីសម្រេច ស្នើឡើងដោយអាមេរិក ដែលចង់ឲ្យអង្គការសហប្រជាជាតិពន្យារការដាក់ទណ្ឌកម្ម សព្វាវុធលើអុីរ៉ង់ ខណៈដែលកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ បានចែងថាទណ្ឌកម្មរបស់ អង្គការសហប្រជាជាតិលើ អាវុធអុីរ៉ង់ នឹងត្រូវចប់សុពលភាពនៅខែតុលា ចុងឆ្នាំនេះតែម្តង៕ដោយ៖ស តារា


ចែករំលែក៖