អន្តរជាតិ៖ បើយោងតាមវេបសាយ Global Firepower ដែលតាមដានកម្លាំងយោធាទូទាំងពិភពលោក បានអះអាងថា គិតត្រឹមឆ្នាំ២០២០នេះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានយោធាខ្លាំងគេលើពិភពលោក ។ចំណែកប្រទេសចំនួន៤ ទៀតគឺ រុស្ស៊ី ចិន ឥណ្ឌា និងជប៉ុន ឈរនៅតាមក្រោយនៃតារាងប្រទេសមានអំណាចខ្លាំងបំផុតលើពិភពលោក។
ក្នុងការចាត់ថ្នាក់មហាអំណាចនេះ គឺផ្អែកលើការវាយតម្លៃលើកម្លាំងទ័ពកញ្ចប់ថវិកាការពារជាតិ សមត្ថភាពដឹកជញ្ជូន និងភូមិសាស្រ្តប្រទេស។ហើយបើចង់ដឹងកាន់តែច្បាស់នោះ សូមអានព័ត៍មានលំអិតដូចមាននៅខាងក្រោម៖
ជប៉ុន
ក្នុងឆ្នាំ២០២០នេះ ជប៉ុន ត្រូវបានប៉ាន់ស្មានថា ចាយលុយ៤៩ពាន់លានដុល្លារលើវិស័យយោធា។ ប្រទេសក្នុងតំបន់អាស៊ីនេះ មានកងទ័ពសកម្មសរុបប្រមាណ ២៤៧ ១៦០នាក់ ។ នេះបើតាមស្ថិតិរបស់ Global Firepower ។
និយាយដល់សព្វាវុធវិញ ជប៉ុន មានយន្តហោះចម្បាំង៧៤០គ្រឿង ហើយមានក្បួនទ័ពជើងទឹកដែលមាននាវាចម្បាំង ៤០គ្រឿង។ ជប៉ុន ក៏មានរថយន្តយោធា៣១៣០គ្រឿង រថគ្រោះ ១០០៤ គ្រឿង និងឧទ្ធម្ភាគចក្រយោធា១១៩គ្រឿងផងដែរ។ កងទ័ពជប៉ុន ជាទ័ពស្វ័យការពារ គឺមិនអាចវាយប្រហារប្រទេសផ្សេងមុនឡើយ។
ឥណ្ឌា
យក្សអាស៊ី ឥណ្ឌា ដែលមានជម្លោះព្រំដែនយូរឆ្នាំទាំងជាមួយចិន និងប៉ាគីស្ថាន ត្រូវបានប៉ាន់ស្មានថា មានកងទ័ពសកម្មសរុប ១៤៤៤០០០នាក់ ។
វេបសាយ Global Firepower អះអាងថា ប្រទេសកំពុងអភិវឌ្ឍមួយនេះស្ថិតក្នុងចំណោមប្រទេសឈានមុខមួយរបស់ពិភពលោកក្នុងផ្នែកសព្វាវុធដោយមានរថគ្រោះ ៤២៩២ គ្រឿង កំាភ្លើងធំ ៤០៦០គ្រឿង និងយន្តហោះចម្បាំង ៥៣៨គ្រឿង។
ខាងជើងទឹក ឥណ្ឌា មាននាវាដឹកយន្តហោះ១គ្រឿង នាវាមុជទឹក២គ្រឿងនិងនាវាចម្បាំងជាង២០គ្រឿងទៀត។ ជាប្រទេសមានអាវុធនុយក្លេអ៊ែរ ឥណ្ឌាត្រូវបានប៉ាន់ស្មានថា ចាយលុយ៦១ពាន់លានដុល្លារលើវិស័យការពារជាតិក្នុងឆ្នាំ២០២០ នេះ។
ចិន
ចិន ដែលជាប្រទេសមានអំណាចបំផុតក្នុងតំបន់អាស៊ី ហើយកំពុងតឹងសរសៃកជាមួយសហរដ្ឋអាមេរិកផងនោះ ជាប់ចំណាត់ថ្នាក់លេខ៣ក្នុងបញ្ជីនេះ។ មហាអំណាចរដ្ឋកុម្មុយនីស្តមួយនេះ ត្រូវបានប៉ាន់ស្មានថាមានកងទ័ពសកម្មសរុប ២ ១៨៣ ០០០នាក់ ដែលច្រើនបំផុតលើពិភពលោក។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ចិន កំពុងកសាងកងទ័ពជើងទឹកឲ្យកាន់តែខ្លាំង ខណៈកំពុងមានជម្លោះដែនទឹកជាមួយប្រទេសមួយចំនួនក្នុងសមុទ្រចិនខាងត្បូង។ បច្ចុប្បន្ន ចិនមាននាវាមុជទឹក ៧៤គ្រឿង នាវាចម្បាំងសរុបជាង៨០គ្រឿង និងនាវាដឹកយន្តហោះ ២គ្រឿង។ មួយគ្រឿងទៀតដែលយកតាមលំនាំនាវាអាមេរិក កំពុងសាងសង់។
លើសមរភូមិដីរាប ចិនមានរថយន្តយោធា ៣៣ ០០០គ្រឿង និងរថគ្រោះ៣៥០០គ្រឿង។ កងទ័ពជើងអាកាស មានយន្តហោះចម្បាំង១២៣២គ្រឿងនិងឧទ្ធម្ភាគចក្រយោធា ២៨១គ្រឿង។ ក្នុងឆ្នាំ២០២០ ចិន ត្រូវបានប៉ាន់ស្មានថា ចាយលុយលើវិស័យយោធា ២៣៧ពាន់លានដុល្លារ។ ចិនក៏ជាមហាអំណាចអាវុធនុយក្លេអ៊ែរផងដែរ។
រុស្ស៊ី
រុស្ស៊ី គឺជាប្រទេសដែលមានរថក្រោះច្រើនបំផុតលើពិភពលោក ដែលមានរហូតដល់១២ ៩៥០គ្រឿង ។ នេះគឺ២ដងលើសរថគ្រោះដែលសហរដ្ឋអាមេរិកមាន។ នេះបើតាម Global Firepower ។ រុស្ស៊ី ត្រូវបានប៉ាន់ស្មានមានកងទ័ពសកម្ម ១ ០១៣ ៦២៨នាក់ ហើយមានរថយន្តយោធា២៧ ០៣៨គ្រឿង កាំភ្លើងធំ ៦០៨៣គ្រឿង និងរថយន្តបាញ់រ៉ុក្កែត៣៨៦០គ្រឿង។
លើអាកាស យោធារុស្ស៊ីមានយន្តហោះចម្បាំង ៨៧៣គ្រឿង និងឧទ្ធម្ភាគចក្រយោធា ៥៣១គ្រឿង។ ជើងទឹកវិញ ពួកគេមាននាវាមុជទឹក៦២គ្រឿង នាវាដឹកយន្តហោះ១១គ្រឿង ហើយនាវាចម្បាំង៤៨គ្រឿង។ ជាមហាអំណាចនុយក្លេអ៊ែរមួយ ហើយសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រុស្ស៊ី ត្រូវបានប៉ាន់ស្មានថាចាយ ៤៨ពាន់លានដុល្លារលើយោធាក្នុងឆ្នាំនេះ ។
សហរដ្ឋអាមេរិក
គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើល! សហរដ្ឋអាមេរិក នៅតែកាន់តំណែងជាមហាអំណាចយោធាអត់គូប្រៀបលើពិភពលោក ។ សហរដ្ឋអាមេរិក មានអង្គភាពទ័ពជើងអាកាសច្រើនជាងប្រទេសណាៗទាំងអស់លើផែណនដី ដោយមានយន្តហោះចម្បាំង ២០៨៥គ្រឿង និងឧទ្ធម្ភាគចក្រយោធា៩៦៧គ្រឿង ។
សហរដ្ឋអាមេរិក នៅបន្តឈានមុខគេខាងផ្នែកសព្វាវុធ ដោយមានរថយន្តយោធា ៣៩ ២៥៣គ្រឿង នាវាចម្បាំង ៩១គ្រឿង និងនាវាដឹកយន្តហោះ២០គ្រឿង។ សហដ្ឋអាមេរិកដែលចាយលុយលើវិស័យការពារជាតិ៧៥០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០ មានកងទ័ពសកម្ម ១៤០០០០០នាក់៕ដោយ៖ស តារា