ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍កើតឡើង ៥១លើកស្លាប់២១នាក់ របួស៧០នាក់ ក្នុងថ្ងៃឈប់សម្រាក៥ថ្ងៃមកនេះ

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០នេះ ឱ្យដឹងថា៖ អំឡុងឈប់សម្រាកសងបុណ្យចូលឆ្នាំរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ នៅកម្ពុជាមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៥១លើក បណ្តាលឱ្យមានមនុស្សស្លាប់២១នាក់ និងរបួស៧០នាក់។
បទល្មើសគ្រោះថ្នាក់ចរាចរណ៍នេះ បានកើនឡើងចំនួន១០លើក ស្មើនឹង២៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ប៉ុន្តែទោះជាយ៉ាងនេះក្តី អ្នកស្លាប់បានថយចុះ១នាក់ ដែលស្មើនឹង៥ភាគរយ ខណៈអ្នករបួសកើនឡើង២០នាក់ ស្មើនឹង៤០ភាគរយផងដែរ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកឡើងថា៖ ក្រៅពីគ្រោះថ្នាក់ចរាចរណ៍ បទល្មើសព្រហ្មទណ្ឌ ក្នុងឱកាសឈប់សម្រាកសងបុណ្យចូលឆ្នាំ៥ថ្ងៃមកនេះ បានកើតឡើងចំនួន៥៨លើក ក្នុងនោះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៥៤នាក់ផងដែរ។ ក្នុងចំណោមបទល្មើសទាំងនោះ មានបទល្មើសឧក្រិដ្ឋចំនួន៩ករណី (ឃាតកម្ម៦លើក រំលោភ៣លើក) ចាប់ខ្លួនមនុស្ស៤នាក់ និងបទល្មើសមជ្ឈឹម ៤៩ករណី ចាប់ខ្លួនមនុស្ស៥០នាក់។

សូមបញ្ជាក់ថា ៖ កាលពីថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាករយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ដើម្បីជាការសងចំពោះការមិនអនុញ្ញាតឱ្យឈប់សម្រាក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កាលពីខែមេសាកន្លងទៅនេះ ដោយសារតែមានការរីករាលដាលជំងឺកូវីដ១៩ កាន់តែខ្លាំងអំឡុងពេលនោះ។ ទោះជាយ៉ាងនេះក្តី ក្នុងឱកាសឈប់សម្រាករយៈពេល៥ថ្ងៃនេះ សមត្ថកិច្ច ត្រូវបានដាក់ពង្រាយកម្លាំងនៅតាមគោលដៅនានា ដើម្បីការពារសុវត្ថិភាព ដល់ការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋផងដែរ ក្នុងការផ្តល់សេវាសន្តិសុខ គ្រប់ទីកន្លែង៕

ដោយ៖ សិលា


ចែករំលែក៖