ព័ត៌មានទាន់ហេតុការណ៍៖

រឿងព្រេងខ្មែរ÷ រឿងបក្សីលៀងអារក្ស

ចែករំលែក៖

នេះនឹងថ្លាថ្លែងពីរឿងសត្វទាំងឡាយ កើតចលាចលដោយសារសត្វផងគ្នាមានជំងឺ ហើយដើរស្វែងរកមេមត់មកជួយមើល ។
កិរៈ កាលនោះ មានសត្វព្រាបមួយមានទុក្ខដោយឆ្លងទន្លេមិនរួច ម្ល៉ោះហើយព្រាបចេះតែថ្ងូរហ៊ឹះសុំឲ្យគេជួយ ។ ត្រង់នេះហើយដែលនាំឲ្យព្រាប ជាប់យំថ្ងូររហូតដល់សព្វថ្ងៃនេះ ។ព្រាប​យំ​ថ្ងូរ​ខ្លាំង​យ៉ាង​នេះ ក៏​​ផ្អើល​​ទៅ​​ដល់​​សត្វ​​ដទៃ​ទៀត មក​ជួយមើលឈូឆរ។ ក្នុងបណ្ដាអ្នកដែលមកជួយនោះ មានសត្វខ្លះក៏ជួយឈឺឆ្អាលតែមានសត្វខ្លះទៀត ត្រឡប់ជាបញ្ជោះបន្សោកបន់ផ្ដន្ទាឲ្យ​ព្រាប​ទៅ​វិញ ហេតុនេះ​​​​បាន​ជា​មាន​សម្រែក​សត្វ​ប្លែកៗគ្នា​ តាមភាសាវា គឺខ្លះស្រែកជួយឈឺឆ្អាល និងខ្លះទៀតស្រែកផ្ដន្ទា ៖
មាន់, ទា, ក្អែក ស្រែកផ្ដន្ទា ៖
– ក្អែកស្រែកថា ៖ “ ងាប់ឥឡូវ ! ងាប់ឥឡូវ ! ងាប់ឥឡូវ ! ” (ត្រង់នេះហើយបានជាក្អែកនៅជាប់ស្រែកថា ៖ ឡូវ ៗ នៅដល់សព្វថ្ងៃ ។ )
– មាន់ស្រែកថា “ ចប ! ចប ! ” បានន័យថាឲ្យរកចបមកបម្រុងចាំកប់ខ្មោចព្រាបតែម្ដងទៅ ព្រោះព្រាបនេះ វានឹងស្លាប់ឥឡូវហើយ ។ នេះជាពាក្យបញ្ជោះ ព្រោះមាន់ចង់ឲ្យព្រាបស្លាប់ចុះ ។
– ទាស្រែកបន្ថែមតាមក្រោយមាន់ថា “ កាប់ ! កាប់ ! កាប់ ! ” ព្រោះថាបើព្រាបស្លាប់ហើយ មាន់ឲ្យគេរកចបហើយនោះ ត្រូវកាប់ដី កប់វាតែម្ដងទៅ ។
ក្រៅពីសត្វដែលផ្ដន្ទាឲ្យព្រាបស្លាប់ នៅមានសត្វដែលជួយសង្គ្រោះព្រាបច្រើនទៀត ។ នៅពេលនោះសត្វរលកស្រែកថា “ រ៉កគ្រូ ! រ៉កគ្រូ ! ” តែសត្វដទៃជំនុំគ្នាថា ត្រូវទៅរករូបមេមត់

ឲ្យជួយសង្គ្រោះជីវិតសត្វព្រាបវិញ ប៉ុន្តែរូបមេមត់នោះនៅឆ្ងាយណាស់ ហើយពេលនេះជារដូវវស្សា មានទឹកជោរជន់លិចវាលល្ហល្ហាចផង ។ បើនឹងធ្វើដំណើរទៅ តោងតែរកទូកក្ដារច្រវាចែវទើបបានម្ល៉ោះហើយពួកអ្នកសង្គ្រោះទាំងនោះ ម្នីម្នាស្រែកកកោកកកាករកប្រដាប់ទាំងនេះ លាន់ទ្រហឹង ៖
– អាអូត ស្រែកថា ៖ ទូក ! ទូក ! ទូក !
– មាន់ទឹកស្រែកថា ៖ ច្រវា ! ច្រវា ! ច្រវា ! ។
– ប្រវឹកនិង ស្មោញ នាំគ្នាបាចទឹកចេញពីទូកឮសូរ ខ្វក់ ! ខ្វក់ ! រួចហើយគេក៏ចេញទូក ដឹកនាំទាំងព្រាប ដែលជាអ្នកជំងឺនោះឆ្ពោះទៅលំនៅមៀមជារូបមេមត់ ។ ទម្រាំ​ទៅ​ដល់​ជា​ពេល​ពន់​ព្រលប់​​
– សត្វមៀមរូបមេមត់យកសត្វទីទុយជាស្នំ គឺជានិយាយលួងលោមរូបមេមត់ ។
បណ្ដាសត្វដែលមានសម្រែកផ្សេង ៗគ្នា ក៏ប្រជុំគ្នាធ្វើជាវង់ភ្លេង អារក្សមួយវង់ ដើម្បីបញ្ជាន់រូបមេមត់នោះគឺ ៖ សត្វត្លុមធ្វើស្គរ, សារិកាកែវធ្វើទ្រ, ល្វាចេកធ្វើប៉ី ត្រសេះវាយក្រាប​និង​ទន្ទេប​ជា​អ្នក​ច្រៀង។
លុះនាំគ្នាធ្វើបទភ្លេង បានមួយយប់ហើយ ទីទុយជាស្នំ ចាប់ផ្ដើមសួរឡើងថា ៖ ទីទុយពើតពើង ! កូនយើងជាទេ ? ទីទុយពើតពើង ! កូនយើងជាទេ ?មៀមដែលជារូបមេមត់ ពុំមានស្ដីថាអ្វីសោះ រឹតតែបើកភ្នែកធំឡើង ៗ ។ លុះទីទុយនៅតែសួរដដែល ៗ ពេក ក៏ឆ្លើយតែមួយម៉ាត់ថា ៖ លៀង ! លៀង !ឮដូចនោះ គ្រលីងគ្រលោងក៏ស្រែកឡើងថា៖ “ ជាក៏លៀង មិនជាក៏លៀង ជាក៏លៀង មិនជាក៏លៀង ! ”
លុះចប់ពិធីបញ្ជាន់រូបមេមត់រួចហើយ សត្វទាំងអស់ក៏នាំគ្នាវិលមកកាន់កំពង់ ដើម្បីឆ្លងត្រឡប់មកកន្លែងខ្លួនវិញ ។ មកដល់កំពង់រកទូកពុំឃើញក៏​បង្កូក​ហៅរកគ្នាក្រែងមានអ្នកណាយកទូកទៅអុំលេងស្រាប់​តែ​មាន​សត្វមួយស្រែកឆ្លើយពីត្រើយម្ខាងមក ថា: គូក ! ។ គេក៏នាំគ្នាដាក់ឈ្មោះសត្វនោះថា សត្វគូក ៗ រហូតដល់សព្វថ្ងៃ ។ចំណែក​សត្វក្អែកដែលជាសត្វផ្ដន្ទាឲ្យព្រាបស្លាប់ តែ​ត្រឡប់​ជា​មិន​
ស្លាប់​វិញ ដោយបានទីទុយ, មៀម, គូកជួយយកអាសានោះ ក៏ប្រកាន់ស្អប់សត្វទាំងនេះតែកាលណាឃើញសត្វទាំងនេះហើយ តែងតែព្រួតគ្នាដេញចឹកព្យាបាទ ជាប់រហូតដល់សព្វថ្ងៃនេះ ៕ ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)

 


ចែករំលែក៖