អន្តរជាតិ៖ បុរស២នាក់ បានរុករកមាសតែរយៈពេលមួយថ្ងៃប៉ុណ្ណោះស្រាប់តែប្រទះឃើញមាស២ដុំធំៗ ទម្ងន់៣,៥គីឡូក្រាម នៅក្នុងភាគខាងត្បូងនៃប្រទេសអូស្ត្រាលី ។ ហើយមាសទាំង២ដុំនេះ គឺមាសសុទ្ធ ត្រូវបានគេប៉ាន់ស្មានថាគិតជាទឹកប្រាក់ប្រមាណ ២៥ម៉ឺនដុល្លារ។
សូមជម្រាបថា សកម្មភាពរុករករបស់ពួកគេ ត្រូវបានបង្ហាញក្នុងកម្មវិធីទូរទស្សន៍របស់ប៉ុស្តិ៍ Discovery Channel ក្រោមចំណងជើងថា«Aussie Gold Hunters»។
កម្មវិធីដែលបានចាក់ផ្សាយកាលពីថ្ងៃទី ២០ ខែសីហានេះ បានបង្ហាញថាបុរសទាំងពីរនាក់នេះ គឺ លោក Brent Shannon និងលោក Ehtan West បានរកឃើញមាសនេះនៅក្បែរទីក្រុងដែលគេនិយមរុករកមាសមួយឈ្មោះថា Tarnagulla ក្នុងរដ្ឋ Victoria ។បានធ្វើសកម្មភាពជីកកកាយដីហើយបានប្រើឧបករណ៍ដើម្បីរកមាសក្នុងតំបន់នោះ។ ការរុករករាប់ម៉ោងនេះក៏ទទួលបានជំនួយពីឪពុករបស់លោក West ផងដែរ។យោងតាមការចុះផ្សាយរបស់ទូរទស្សន៍អាមេរិក CNN លោក Ethan West និយាយថា នេះគឺជារឿងអស្ចារ្យបំផុតដែលអាចរកឃើញមាស២ដុំបានក្នុងពេលត្រឹមមួយថ្ងៃ។
ទូរទស្សន៍ប៉ុស្តិ៍ Discovery Channel បានអះអាងក្នុងសេចក្តីប្រកាសព័ត៌មានថា អ្នកប្រមូលមាស អាចចំណាយរហូតដល់៣០ភាគរយលើសតម្លៃមាស២ដុំដែលពួកគេបានប៉ាន់ស្មាន។ កម្មវិធីទូរទស្សន៍ «Aussia Gold Hunters» ត្រូវបានចាប់ផ្ដើមចាក់ផ្សាយលើទូរទស្សន៍Discovery Channel កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៦។ កម្មវិធីនេះ ទទួលបានជោគជ័យខ្លាំង ហើយចាក់ផ្សាយក្នុង១២៥ប្រទេស។ រដូវកាលទី៥របស់កម្មវិធីនេះ បានផ្ដើមចាក់ផ្សាយនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២០ ដែលមាន២០វគ្គ។
គួររំលឹកថា ក្រៅពីបុរសទាំងពីរនេះ ក្នុងឆ្នាំ២០១៩ បុរសអូស្ត្រាលីម្នាក់ទៀតបានរកឃើញមាស១ដុំតម្លៃ១,៤គីឡូក្រាម ដែលគិតជាលុយ ៦៩០០០ដុល្លារ ដោយប្រើឧបករណ៍រកមាស។ មែនទែនទៅ ការជីករ៉ែមាសក្នុងប្រទេសអូស្ត្រាលី បានចាប់ផ្ដើម ក្នុងទសវស្សរ៍ឆ្នាំ១៨៨០ ហើយបន្តជាឧស្សាកម្មដ៏សំខាន់ក្នុងប្រទេសនេះ៕
ដោយ៖ស តារា