ខេត្តព្រះសីហនុ៖ ករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋមួយខ្នងនៅ ភូមិ៤ ឃុំទំនប់រលកស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១១៖០០នាទីព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចបញ្ជាក់ថា កើតឡើងដោយសារកូនបង្កើតរបស់ម្ចាស់ផ្ទះជាអ្នកដុត។ បើតាមរបាយការណ៍អង្កេតរបស់សមត្ថកិច្ចថា កូនម្ចាស់ផ្ទះដែលបង្កហេតុឈ្មោះ អ៉ិន រ័ត្នធា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ និងជាមនុស្សមានសតិមិនល្អ បានយកភ្លើងដុតផ្ទះម្តាយខ្លួនឯងទំហំ៖ ទទឹងប្រវែង ៦ម៉ែត្រ និងបណ្តោយប្រវែង ៩ម៉ែត្រ សង់ពីឈើ ប្រក់ស័ង្កសី ជញ្ជាំងក្តារ ជាកម្មសិទ្ធិរបស់ឈ្មោះ ងូវ មុំ ភេទស្រី អាយុ ៦៨ឆ្នាំ ។ បើតាមសាក្សីប្រាប់ថាឈ្មោះ អ៉ិន រ័ត្នធា ជាកូនម្ចាស់ផ្ទះរូបនេះ តែងតែព្យាយាមដុតផ្ទះខ្លួនឯងជាច្រើនលើកមកហើយ ដោយសារតែសតិមិនល្អ។
ផ្ទះដែលឆេះនេះខូចខាតទាំងស្រុង ដោយឡែក ឈ្មោះ អ៉ិន រ័ត្នធា ដែលជាជនបង្កនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ដើម្បីដោះស្រាយបន្តតាមនីតិវិធី៕ឆ្លាម សមុទ្រ