ព័ត៌មានទាន់ហេតុការណ៍៖

បងស្រីបង្កើតប្រធានាធិបតីអាមេរិក បញ្ជាក់ថា​ លោកត្រាំ ជាមនុស្ស «ឃោរឃៅនិងក្លែងក្លាយ»

ចែករំលែក៖

អន្តរជាតិ៖ការបោះឆ្នោតអាមេរិកកាន់តែខិតជិត ឯរឿងរ៉ាវមិនល្អពាក់ព័ន្ធនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ​ក៏បានលេចចេញជាបន្តបន្ទាប់ដែរ។ នៅពេលនេះ បងស្រីបង្កើតរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈខ្សែអាត់សំឡេង។
លោកស្រី Maryanne Trump Barry ជាចៅក្រមមួយរូប​បានចូលនិវត្តន៍ ​បានបង្ហាញភាពភ្ញាក់ផ្អើលនូវអ្វីដែលលោកត្រាំបានធ្វើក្នុងនាមជាប្រធានាធិបតីអាមេរិក​។ តាមខ្សែអាត់សំឡេង​របស់លោកស្រី​Maryanne Trump Barry ជាមួយក្មួយស្រី Mary Trump ត្រូវបានថតជាសម្ងាត់ ដែលមានរយៈពេលដល់ទៅ​១៥ម៉ោង ក្នុងអំឡុងឆ្នាំ​២០១៨-២០១៩ ​បានបង្ហាញថា «លោកត្រាំ ជាមនុស្សគ្មានច្បាប់ទម្លាប់ »។
អតីតចៅក្រមនិងជាបងស្រី ប្រធានាធិបតីត្រាំ វ័យ​៨៣ឆ្នាំ បានបង្ហាញនូវការភ័យខ្លាចចំពោះអ្វីដែលរដ្ឋាភិបាលក្រោមការដឹកនាំរបស់ប្អូនប្រុសខ្លួនធ្វើទៅលើកុមារនៅតាមព្រំដែនម៉ិចស៊ីកូ​។
លោកស្រី Barry មានប្រសាសន៍ថា“ ខ្ញុំគិតថា Trump មិនបានអានទស្សនៈរបស់ខ្ញុំស្តីពីជនអន្តោប្រវេសន៍ទេ»។ ដូច្នេះតើ Trump បានអានអ្វី? ​ ទេ! គាត់មិនបានអានអ្វីទាំងអស់” ។
នៅក្នុងការសន្ទនាផ្សេងទៀត លោកស្រី​ Barry ក៏បានលើកឡើងពីការវាយតម្លៃរបស់ខ្លួនដោយចំៗថា ​ប្អូនប្រុស​វ័យ​៧៤ឆ្នាំរបស់ លោកស្រី គឺជាមនុស្សពិសពុល និងក្លែងក្លាយ។ ជាមួយគ្នានេះនៅមានរឿងរ៉ាវជាច្រើនទៀតពាក់ព័ន្ធនឹងលោកត្រាំតាំងពី​ដើមមក ទាំងការឲ្យគេប្រឡងជំនួសទៀតផង​។
នៅពេលនេះសារព័ត៌មាន​CNN ​បានទំនាក់ទំនងលោកស្រីBarry ដើម្បីបញ្ជាក់ពីខ្សែអាត់សំឡេងខាងលើ​ តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយ៕ដោយ៖ធី រីណា


ចែករំលែក៖