ក្រុមហ៊ុនផលិតអាវុធរុស្ស៊ី Rosoboronexport បានឡើងគម្រោងដាក់លក់អាវុធ៥០ ប្រភេទនៅលើទីផ្សារអន្តរជាតិ ក្នុងរយៈពេល៥ទៅ៦ឆ្នាំខាងមុខ។ ក្នុងចំណោមអាវុធ៥០ ប្រភេទមានភាគច្រើនជាមីស៊ីលការពារដ៏ទំនើបបំផុតរបស់រុស្ស៊ី។
នាយកប្រតិបត្តិក្រុមហ៊ុនផលិតអាវុធ Rosoboronexport លោក Alexander Mikheyev បានប្រកាសពីគម្រោងខាងលើ នៅក្នុងវេទិកាយោធានិងបច្ចេកវិទ្យា Army 2020 កាលពីថ្ងៃទី២៣ខែសីហា។
លោកAlexander Mikheyev បានបញ្ជាក់ថា «ក្នុងរយៈពេលពី៥ទៅ៦ឆ្នាំខាងមុខ ក្រុមហ៊ុន Rosoboronexport មានគម្រោងបញ្ជូនប្រព័ន្ធមីស៊ីលការពារដ៏ទំនើប និងអាវុធផ្សេងៗប្រមាណ៥០ ប្រភេទដាក់លក់នៅលើទីផ្សារអន្តរជាតិ។ ក្រៅពីអាវុធ ក្រុមហ៊ុនផលិតសព្វាវុធរបស់រុស្ស៊ី ក៏នឹងដាក់លក់យន្តហោះដឹកជញ្ជូនយោធា យន្តហោះចម្បាំង រថក្រោះរថពាសដែក…។
អគ្គនាយកក្រុមហ៊ុនបច្ចេកវិទ្យា ការពារជាតិរុស្ស៊ី បានបញ្ជាក់ទៀតថា «ក្នុងចំណោមអាវុធដែលទាក់ទាញបំផុតនោះគឺ រថក្រោះT-14 ‘Armata’ យន្តហោះចម្បាំង ជំនាន់ទី៥ ប្រភេទ Su-57 និងកាំភ្លើងយន្តKalashnikov ។ ក្រៅពីនេះនៅមានប្រព័ន្ធរ៉ាដា59N6-TE ដែលអាចចាប់បានគោលដៅ ក្នុងចម្ងាយ ឆ្ងាយនៅច្រើនគោលដៅក្នុងពេលតែមួយ៕ដោយ៖ធី រីណា