ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម ជូនដំណឹងដល់និស្សិត ករណីអន្តរាគមន៍ដោះស្រាយប្រាក់អាហារូបករណ៍

ចែករំលែក៖

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២០ បានចេញសេចក្តីជូនដំណឹង ករណីអន្តរាគមន៍ដោះស្រាយប្រាក់អាហារូបករណ៍ ។
ក្នុងនោះបានបញ្ជាក់ថា៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម សូមជូនដំណឹងដល់ ប្អូនៗ និស្សិតសាលាបណ្ឌិតសភាអាកាសចរណ៍ទីក្រុងហូជីមិញ សកលវិទ្យាល័យកីឡាទីក្រុងហូជីមិញ និងសកលវិទ្យាល័យពហុបច្ចេកទេសទីក្រុងហូជីមិញ ជ្រាបថា៖ ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម បានជម្រាបមកស្ថានទូតថា បន្ទាប់ពីទទួល កំណត់ទូតរបស់ស្ថានទូតកម្ពុជា ស្នើជួយអន្តរាគមន៍ដោះស្រាយប្រាក់អាហារូបករណ៍ និងផ្តល់ប័ណ្ណ ធានារ៉ាប់រងសុខភាព នៅគ្រឹះស្ថានសិក្សាចំនួន ៣ នៅទីក្រុងហូជីមិញ ក្រសួងបានធ្វើការទាក់ទងដោយផ្ទាល់ និងទទួលបានដំណោះស្រាយ ដូចតទៅ៖
១-ក្រសួងសាធារណការវៀតណាមមានការយឺតយ៉ាវបន្តិច ក្នុងការបញ្ជូនប្រាក់ជូនទៅ សាលាបណ្ឌិតសភាអាកាសចរណ៍វៀតណាម ដោយសារជំងឺកូដ-១៩ សម្រាប់និស្សិតចំនួន៣០នាក់ ដែលទើបត្រឡប់ចូលវៀតណាម កាលពីថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០២០។
២-សកលវិទ្យាល័យកីឡាទីក្រុងហូជីមិញ សាលានឹងបើកប្រាក់អាហារូបករណ៍ជូននិស្សិត ប៉ាន សុភក្តិ ដែលទើបត្រឡប់ចូលវៀតណាម ។

៣-ចំពោះការស្នើផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាពសកលវិទ្យាល័យពហុបច្ចេកទេសទីក្រុងហូជីមិញ នឹងរៀបចំជូននិស្សិតចំនួន២១នាក់ ដែលទើបត្រឡប់ចូលវៀតណាម កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២០។
៤-ដោយឡែក សកលវិទ្យាល័យកីឡាខេត្តបាក់ឌីញ សាលានឹងបើកប្រាក់អាហារូបករណ៏ជូន និស្សិតចំនួន១៨នាក់ ដែលទើបត្រឡប់ចូលវៀតណាម កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២០។
អាស្រ័យហេតុនេះ សូមប្អូនៗនិស្សិតរង់ចាំ ព្រោះខាងសាលាកំពុងដោះស្រាយជូនតាម សំណើហើយ ៕

ដោយ៖ សិលា


ចែករំលែក៖