កូរ៉េខាងត្បូង៖ នៅថ្ងៃទី២៤ខែសីហាឆ្នាំ២០២០ ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in បានអំពាវនាវដល់ពលរដ្ឋចូលរួមទប់ស្កាត់ ការឆ្លងរាលដាលកូវីដ-១៩ ។ លោក ម៉ូនបានបញ្ជាក់ថា ប្រសិនបើច្បាប់រឹតត្បិតកម្រិតទីពីរ មិនសូវមានប្រសិទ្ធភាព និងបន្តអនុម័តច្បាប់ កម្រិតទី៣ ដែលជាកម្រិតខ្ពស់បំផុត ។ នៅពេលនោះនឹងធ្វើឲ្យបាត់បង់ការងារជាច្រើនថែមទៀត ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។
ក្នុងរយៈពេល២សប្តាហ៍កន្លងមក ចំនួនអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ទៅជាង២ពាន់នាក់ថ្មី។ ចំណែកមន្ទីរពេទ្យ អាចនឹងពេញមិនមានគ្រែសម្រាប់ព្យាបាល នៅពេលប៉ុន្មានថ្ងៃខាងមុខ ប្រសិនបើ អ្នកឆ្លងនៅតែបន្តកើនឡើងខ្ពស់។ ចំពោះស្ថានភាពខាងលើរដ្ឋាភិបាល ទីក្រុងសេអ៊ូល បានអនុម័តច្បាប់បង្ខំឲ្យពាក់ម៉ាស់ នៅទីសាធារណៈ ចាប់ពីថ្ងៃទី២៤ខែសីហានេះទៅ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធកូរ៉េខាងត្បូងនោះដែរ មានទាហានអាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូងចំនួន ០៦នាក់ទៀតហើយ ត្រូវបានធ្វើតេស្តឃើញលទ្ធផលវិជ្ជមានចំពោះ COVID-19 ខណៈប្រទេសនេះកំពុងតែមានកង្វល់យ៉ាងខ្លាំង ជុំវិញការកើនឡើងនៃករណីឆ្លងក្នុងស្រុក។
តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន កងកម្លាំងយោធាអាមេរិក ប្រចាំមូលដ្ឋានទ័ពនៅកូរ៉េខាងត្បូង ដែលហៅកាត់ថា USFK បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សមាជិកសេវាកម្មនៃ USFK ចំនួន ០៦នាក់ ត្រូវបានបញ្ជាក់ថា ឆ្លង COVID-19 បន្ទាប់ពីពួកគេបានមកដល់ ប្រទេសកូរ៉េខាងត្បូង នៅចន្លោះថ្ងៃទី១០ និងទី២១ ខែសីហាកន្លងទៅនេះ»៕ដោយ៖ធី រីណា