ភ្នំពេញ ៖ បើតាមការគ្រោងទុករបស់ ផលិតកម្ម Galaxy Navatra នឹងត្រូវធ្វើពិធីទទួលស្វាគមន៍តារាចម្រៀង លោកព្រាប សុវត្ថិ ចូលផលិតកម្មរបស់ខ្លួននៅល្ងាចនេះដែលធ្វើឡើងនៅសណ្ឋាគារ Garden City ជិតវិមានឈ្នះ=ឈ្នះ ដោយមានការចូលរួមពីសំណាក់អ្នកសិល្បៈជាច្រើនរូប ដែលបានអញ្ជើញតាមលិខិត។ ខណៈដែលតារាចម្រៀង លោកព្រាប សុវត្ថិ នឹងត្រូវបានគេរៀបចំពិធីទទួលស្វាគមន៍យ៉ាងកក់ក្តៅនោះ តែដោយឡែកតារាចម្រៀង លោកខេម ដែលកំពុងច្រៀងនៅផលិតកម្ម Galaxy ដូចគ្នានោះដែរ នឹងត្រូវចូលខ្លួនទៅដោះស្រាយជាមួយផលិតកម្ម ថោន ដែលអះអាងថាលោក ខេម បានបំពានកិច្ចសន្យា។
នេះបើយោងទៅតាមលិខិតផ្លូវការរបស់ផលិតកម្ម ថោន បានឱ្យតារាចម្រៀង ខេម ចូលខ្លួនដោះស្រាយនិងពន្យល់ឱ្យច្បាស់លាស់ចំពោះការបំពានកិច្ចសន្យាទៅច្រៀងឱ្យផលិតកម្មផ្សេងទាំងដែលរូបលោកនៅជាប់កុងត្រាជាមួយ ថោន រហូតដល់ចុងខែធ្នូ ឆ្នាំ២០២០នេះ។ មហាជនកំពុងរង់ចាំមើលថា តើតារាចម្រៀងលោក ខេម នឹងមានការដោះស្រាយយ៉ាងណាជាមួយផលិតកម្ម ថោន ? ដោយ ៖ សសម