អន្តរជាតិ៖ នៅថ្ងៃចន្ទទី២៤ ខែសីហា ឆ្នាំ២០២០ តុលាការនូវែលសេឡង់បានចាប់ផ្តើមបើកសវនាការផ្តន្ទាទោសលើបុរសអូស្ត្រាលី Brenton Tarrant ដែលបានបាញ់សម្លាប់មនុស្សចំនួន៥១នាក់ ក្នុងវិហារអ៊ិស្លាមចំនួន២ ក្នុងទីក្រុង Christchurch កាលពីថ្ងៃទី១៥ មីនា ឆ្នាំ២០១៩។ដោយនៅក្នុងសវនាការចំពោះមុខសាច់ញាតិជនរងគ្រោះជាច្រើន Tarrant មិនបានបង្ហាញអារម្មណ៍សោកស្ដាយអ្វីនោះទេ ។
ជនដៃដល់ Brenton Tarrant ត្រូវបានតុលាការបើកសវនាការរយៈពេល៤ថ្ងៃ ដោយធ្វើឡើងក្នុងបរិយាកាសដែលមានការរិតត្បិតសន្តិសុខយ៉ាងខ្ពស់បំផុតផងដែរ ខណៈដែលក្រុមគ្រួសារជនរងគ្រោះ និងអ្នកដែលរួចរស់ជីវិតក៏បានចូលរួមក្នុងសវនាការ ដែលនឹងស្តាប់នូវសក្ខីកម្មរបស់អ្នកដែលរួចរស់ពីការបាញ់សម្លាប់ចំនួន៦៦នាក់ផងដែរ។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP និយាយថា នៅពេលសវនាការចាប់ផ្តើម គេសង្កេតឃើញ Tarrant មិនបានបង្ហាញអារម្មណ៍សោកស្តាយចំពោះអំពើរបស់ខ្លួនឡើយ ខណៈរដ្ឋអាជ្ញា Barnaby Hawes បានបង្ហាញសកម្មភាពយ៉ាងលម្អិតអំពើព្រៃផ្សៃដែលបានកើតឡើង។ ដោយលោកHawes បន្ថែមថា៖ Tarrant បានបំណងសម្លាប់មនុស្សច្រើនជាងអ្វីដែលបានធ្វើទៅទៀត ហើយរឿងដែលកើតឡើង ត្រូវបានរៀបចំជាច្រើនមកហើយ។
ជាក់ស្តែងនៅក្នុសវនាការ Tarrant បានទទួលស្គាល់កំហុសចំពោះបទល្មើសឃាតកម្ម៥១ករណី ប៉ុនប៉ងសម្លាប់៤០ករណី និងភេរវកម្មលើការវាយប្រហារវិហារឥស្លាមផងដែរ។ មិនតែប៉ុណ្ណោះមេធាវីរបស់ជនរងគ្រោះរំពឹងថា៖ ជនដៃដល់ Tarrant នឹងក្លាយជាមនុស្សដំបូងដែលត្រូវតុលាការផ្តន្ទាទោសដាក់គុកមួយជីវិត ដោយមិនអាចចេញទៅណាបាន និងគ្មានការលើកលែងទោសអ្វីឡើយ។
សូមជម្រាបថា លោក Tarrant ជនជាតិអូស្ត្រាលី មានអាយុ២៩ ឆ្នាំ បានមករស់នៅនូវែលសេឡង់ក្នុងឆ្នាំ២០១៧។ ដោយ Tarrant បានទិញកាំភ្លើងនិងគ្រាប់កាំភ្លើងជាង៧០០០ បង់។ លុះនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ស្រាប់តែជននេះ បានបើកការបាញ់ប្រហារ ដោយផ្សាយផ្ទាល់ក្នុងបណ្តាញសង្គម នៅក្នុងវិហារ Masjid Al Noor និង Linwood Masjid មុននឹងបន្តទៅវិហារទី៣ ប៉ុន្តែត្រូវបានប៉ូលីសឃាត់ខ្លួនភ្លាមៗ ។
ក្រោយពេលឃាត់ខ្លួន Tarrant យកទៅសួរនាំដោយរដ្ឋអាជ្ញា រូបគេបានអះអាងថា ការវាយប្រហារនេះ ត្រូវបានជំរុញដោយជំនឿមនោគមវិជ្ជា និងបំណងក្នុងការបង្កើតភាពភ័យខ្លាច ចំពោះមនុស្សដែលរូបគេចាត់ទុកថាជាអ្នកឈ្លានពាន រួមមាន៖ ជនមូស្លីម និងជនអន្តោប្រវេសន៍មិនមែនជាជាតិសាសន៍អឺរ៉ុប។
គួរបញ្ជាក់ផងដែរថា ក្នុងសវនាការនេះ Tarrant នឹងការពារខ្លួនដោយតួជាមេធាវីខ្លួនឯងតែម្ដង។ ហើយសាលក្រមមួយនេះ ត្រូវបានរំពឹងថានឹងប្រកាសនៅថ្ងៃទី២៧ ខែសីហាខាងមុខ៕
ដោយ៖ស តារា