ភ្នំពេញ ៖ បេីយោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០កន្លងទៅ ជនសង្ស័យម្នាក់ឈ្មោះ ស្រេង ចាន់ណា ហៅ ត្រេន ភេទ ប្រុស អាយុ ២១ ឆ្នាំ បានមកធ្វើការងារ នៅផ្ទះលេខ ៩១១C ផ្លូវលេខ៧៥BT ភូមិចម្រើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ របស់ជនរងគ្រោះឈ្មោះ ហ្វុង លីម ភេទ ប្រុស អាយុ ៣០ឆ្នាំ មានមុខងារជាចុងភៅ ។
លុះមកដល់ថ្ងៃមិនចាំ ខែ សីហា ឆ្នាំ ២០២០ ជនរងគ្រោះឈ្មោះ ហ្វុង លីម មានអាការឈឺក្រពះ និង ឈឺពោះរាកខុសពីធម្មតា ក៏បានទៅឲ្យគ្រូពេទ្យពិនិត្យ ទើបដឹងថាការឈឺក្រពះ បណ្តាលមកពីប្រើប្រាស់ថ្នាំងងុយដេកច្រើនពេក ពេលនោះជនរងគ្រោះឈ្មោះ ហ្វុង លីម មានការសង្ស័យទៅលើប្រពន្ធឈ្មោះ តាំង លីណា ហៅ នីតា និងជនសង្ស័យឈ្មោះ ស្រេង ចាន់ណា ហៅ ត្រេន (ជាចុងភៅ) ជាអ្នកដាក់ថ្នាំងងុយដេកនៅក្នុងទឹក និង ក្នុងចំណីអាហារឲ្យគាត់បរិភោគ ពីព្រោះរូបគាត់មិនដែលប្រើប្រាស់ថ្នាំងងុយដេកទេ។
លុះមកដល់ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២០ វេលាម៉ោង៧៖០០នាទី ជនរងគ្រោះឈ្មោះ ហ្វុង លីម បានហៅជនសង្ស័យឈ្មោះ ស្រេង ចាន់ណា ហៅ ត្រេន មកសាកសួរអស់រយ:ពេលយ៉ាងយូរ ទើបជនសង្ស័យឈ្មោះ ស្រេង ចាន់ណា ហៅ ត្រេន ព្រមឆ្លើយសារភាពថា រូបគេ និង ឈ្មោះ តាំង លីណាហៅ នីតា ជាប្រពន្ធជនរងគ្រោះបានដាក់ថ្នាំងងុយដេក ,ថ្នាំរាកនៅក្នុងទឹក និងក្នុងចំណីអាហារឲ្យជនរងគ្រោះបរិភោគ តាំងពីអំឡុងខែ មិថុនា ឆ្នាំ ២០២០ជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន។ ឮបែបនេះជនរងគ្រោះឈ្មោះ ហ្វុង លីម បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ស្រេង ចាន់ណា ហៅ ត្រេន យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនទី១ ធ្វើការសាកសួរ និងដាក់ពាក្យបណ្តឹងឲ្យចាត់ការតាមផ្លូវច្បាប់។ ចំណែកជនសង្ស័យឈ្មោះ តាំង លីណា ហៅ នីតា បានរត់គេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ស្រេង ចាន់ណា ហៅ ត្រេន កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕
ដោយ៖ ភារ៉ា ដង្កោ