ភ្នំពេញ៖ ប្រជាពលរដ្ឋក្រីក្រចំនួន១០០គ្រួ សារ មកពី៩ភូមិ ក្នុងសង្កាត់ស្ទឹង មានជ័យទី២ ខណ្ឌមានជ័យ ដែលកំពុងជួបការលំបាកក្នុងអំឡងនៃការរីករាលដាលជំងឺកូវីដ-១៩ បានទទួលអំណោយសប្បុរសធម៌ពីលោកស្រីកិតិ្ដសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារី កម្ពុជាដើម្បីសន្ដិភាពនិងអភវិឌ្ឍន៍ ។ អំណោយដែលលោកស្រីកិត្តិសង្គហបណ្ឌិតនាំយកមកចែកជូនបងប្អូនពលរដ្ឋក្រីក្រនៅពេលនេះក្នុងមួយគ្រួសារទទួលបានទឹកត្រី១យួរ, ទឹកសុីអ៉ីវ១យួរ, អង្ករ២០គីឡូក្រាម, មី១កេស,នំបុ័ង២ដើម ,ភួយ១, ម៉ាស់ចំនួន១០ និងថវិកា១០ម៉ឺនរៀល។ ក្នុងឱកាសនោះដែរលោកស្រីប្រធានក៏បានផ្ដល់ថវិកាផ្ទាល់ខ្លួនជូនក្មេងៗចំនួន៨០នាក់ក្នុងម្នាក់ៗចំនួន៥ពាន់រៀលផងដែរ ។
ពិធីនេះបានប្រព្រឹត្តទៅកាលពីថ្ងៃពុធ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹង ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដោយមានការចូលរួមពី លោកស្រីកែវ សុខពិសី អភិបាលរងរាធានី និង លោកស្រីជា ស៉ីណា ឃួង ស្រេង និងអាជ្ញាធរខណ្ឌ សង្កាត់ ព្រមទាំងក្រុមហ៊ុន សប្បុរសជននានាជាច្រើនរូបទៀតផងដែរ ។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍លើកឡើងថា៖ ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូន ប្រជាពលរដ្ឋក្រីក្រទាំង១០០គ្រួសារ ដែលកំពុងរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ពិសេសកំពុងត្រូវការស្វែងរកជំនួយផ្នែក ថវិកា និងសម្ភារយកមកផ្គត់ផ្គង់ជីវភាព ប្រចាំថ្ងៃនោះ ក្នុងនាមសមាគមនារី កម្ពុជាដើម្បីសន្ដិភាព និងអភវិឌ្ឍន៍ តាមរយៈសមាគមនារីកម្ពុជាដើម្បីសន្ដិភាពនិងអភវិឌ្ឍន៍រាជធានីភ្នំពេញ ក៏បានសម្រេចជ្រើសរើសយកបងប្អូនក្រីក្រ (ដែលមានបណ្ណក្រ១) ស្ថិតនៅសង្កាត់ស្ទឹងមានជ័យចំនួន១០០គ្រួសារ មកទទួលអំណោយសប្បុរសធម៌ ថ្ងៃនេះ ។ ក្នុងគោលបំណង ដើម្បីបងប្អូនយកសម្ភារ និងថវិកាទាំងនោះទៅដោះស្រាយជីវភាព គ្រួសារបានមួយរយៈ នៃវិបត្ដិកូវីដ-១៩នេះ។
លោកស្រីបន្ដថា៖ ថ្ងៃនេះបងប្អូនពលរដ្ឋក្រីក្រទាំង១០០គ្រួសារនេះសុទ្ធតែស្ដ្រីមេម៉ាយ ស្ដ្រីចាស់ជរាគ្មានទីពឹង ហើយសុទ្ធតែជាស្ដ្រីមេផ្ទះទៀត ។ហេតុដូច្នេះហើយ ទើបសមាគមនារីកម្ពុជា ដើម្បីសន្ដិភាពនិងអភិវឌ្ឍន៍យើងសម្រេចកៀរគររកជំនួយពីសប្បុរសជននានាយកមកជួយបងប្អូន ។
រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី បានយកចិត្តទុកដាក់ក្នុងការគិតគូរដល់ប្រជាពលរដ្ឋកម្ពុជា និងស្ត្រីគ្រប់រូបដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ។ ស្រ្ដី គ្រប់រូប មានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនៅក្នុងក្រុមគ្រួសារ និងសង្គមជាតិហើយក៏ជាឆ្អឹងខ្នងសេដ្ឋកិច្ចគ្រួសារដែរ ដូចនេះ បងប្អូនស្ត្រីទាំងអស់ត្រូវខិតខំអភិវឌ្ឍនូវសមត្ថភាពរបស់ខ្លួនដើមី្បចូលរួមក្នុងកិច្ចការសង្គមជាតិ សំខាន់ឲ្យក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អក្នុងសង្គមជាតិកាន់តែប្រសើរឡើង និងកាន់តែមានភាពផុលផុសជាងមុន ដែលកត្តាទាំងនេះហើយធ្វើឲ្យបងប្អូនស្ត្រីយើងគ្រប់រូប ត្រូវមានស្មារតីចូលរួមក្នុងការថែរក្សា ការពារសន្តិភាព ព្រមទាំងធ្វើការប្រឆាំងដាច់ខាត នូវរាល់ឧបាយកលលិ្បចបោកបញ្ឆោតរបស់ក្រុមជនណាដែលមានមហិច្ឆតាក្នុងការប៉ុនប៉ងបំផ្លាញនូវសន្តិភាពនៅកម្ពុជា។
នាឱកាសនោះដែរលោកស្រី កែវ សុខពិសី អភិបាលរងសាលារាជធានីភ្នំពេញ និងជាប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍រាជធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់អំពីសកម្មភាពការងាររបស់សមាគមកន្លងមក ក៏ដូចបច្ចុប្បន្ន កំពុងចុះផ្សព្វផ្សាយអប់រំ បងប្អូនប្រជាពលរដ្ឋឲ្យមានការយល់ដឹងអំពីការថែទាំសុខភាព ពិសេសចេះការពារ នៃការរីករាលដាលជំងឺកូវីដ-១៩ និងកិច្ចការសង្គម និងការងារមនុស្សធម៌ ក្នុងអំឡុងនៃការរីករាលដាលជាសាកលជំងឺកូវីដ-១៩នេះផងដែរ ៕ដោយ៖ សំរិត