ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជនចំនួន ២៦ ប្រឈមនឹងក្រសួងមហាផ្ទៃលុបឈ្មោះចេញពីបញ្ជី ខណៈមិនបំពេញបែបបទតាមគោលការណ៍

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានចេញសេចក្តីជូនដំណឹង
ដល់ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន ពុំមានសកម្មភាពបម្រើសេវាកម្ម។
ក្នុងនោះដោយលើកឡើងថា៖ កន្លងមកនេះ ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន ចំនួន២៦ក្រុមហ៊ុន មិនមានសកម្មភាព បម្រើសេវាកម្មសន្តិសុខឯកជន ហើយនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន មិនអាចទំនាក់ទំនង បាន ធ្វើអោយតួលេខនៃការគ្រប់គ្រងសន្តិសុខឯកជន មិនមានសុក្រឹតភាព ។
អាស្រ័យហេតុនេះ នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន សូមជូនដំណឹងដល់ លោក អគ្គនាយក លោកស្រីអគ្គនាយិកា ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន ដែលពុំមានសកម្មភាព បម្រើសេវាកម្ម សូមធ្វើការទំនាក់ទំនងមក នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ដើម្បីផ្តល់ អាសយដ្ឋាន លេខទូរស័ព្ទទំនាក់ទំនង និងបំពេញឯកសារមួយចំនួន ស្របតាមអនុក្រឹត្យលេខ ២៨៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ ស្តីពីការគ្រប់គ្រងសន្តិសុខឯកជន ចាប់ពី ការជូនដំណឹងនេះ រហូតដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។
ក្នុងករណីលោកអគ្គនាយក លោកស្រីអគ្គនាយិកា មិនធ្វើការទំនាក់ទំនងមកទេ នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន នឹងស្នើសុំគោលការណ៍ពីក្រសួងមហាផ្ទៃ ដើម្បីលុបឈ្មោះ ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជនទាំងនេះចេញពីបញ្ជី ៕

 

ដោយ៖ សុខ ខេមរា


ចែករំលែក៖